Messi ប្រាប់​ឲ្យ​ដឹង​ពី​ស្ថានភាព​​ Barcelona ​ពេល​​ Neymar ទៅ​បាត់​

ខ្សែ​ប្រយុទ្ធ​ Lionel Messi ថា​ក្រុម​អ្នក​​មាន​បុណ្យ​ Barcelona កាន់​តែ​ល្អ​ប្រសើរ​ ដោយ​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ Neymar ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​​កំពូល​របស់​បារាំង​។

Barcelona បាន​បាត់​បង់​​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar កាល​ពី​រដូវក្ដៅ​ឆ្នាំ​មុន​​ បន្ទាប់​ក្រុម​ Paris Saint-Germain បាន​ជះ​លុយ​ ២២២ លាន​អឺរ៉ូ​​ក្នុង​ការ​នាំ​ខ្លួន​គាត់​ចេញ​ពី​កីឡដ្ឋាន​ Camp Nou ។

Neymar បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មួយ​រូប​របស់​ Barcelona និង​ជា​សមាជិក​នៃ​​ប្រព័ន្ធ​​ប្រយុទ្ធ​ “MSN” ជាមួយ​ Messi និង​ Luis Suarez ដោយ​​គាត់​បាន​ជួយ​ឲ្យ​ក្លិប​នៃ​​លីក​កំពូល​អេស្ប៉ាញ​មួយ​នេះ​ឈ្នះ​ពាន​ La Liga ចំនួន​ ២ លើក​ និង​ Champions League មួយ​លើក​​មុន​ពេល​ផ្លាស់​ចេញ​ទៅ​ Paris ។

យ៉ាង​ណា​មិញ​ Messi ​ម្ចាស់​ពាន​ Ballon d’Or ប្រាំ​សម័យ​កាល​បាន​​លើក​ឡើង​ថា​ Barcelona ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​​​​ពី​​​ការ​ប្រកួត​ក្នុង​លីក​អេស្ប៉ាញ​​រដូវកាល​នេះ​នោះ​​គឺ​​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ទោះ​បី​បាត់​បង់​ Neymar ម្នាក់​។

“ដោយ​មិន​មាន​​ Neymar ពួក​យើង​គឺ​កាន់​តែ​​​​​មាន​តុក្យភាព​​​។” Messi បាន​ប្រាប់​ទស្សនាវដ្ដី​ World Soccer ។ “ការ​ចាក​ចេញ​របស់​គាត់​​គឺ​ស្មើ​នឹង​ការ​ផ្លាស់​ប្ដូរ​របៀប​លេង​របស់​ពួក​យើង​​។”

កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទី​រូប​នេះ​បន្ថែម​ទៀត​ថា​​ ៖ “យើង​បច្ចុប្បន្ន​មាន​ភាព​ល្អ​ខ្លាំង​នៅ​តំបន់​បម្រើ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹងមាំ​នៅ​​តំបន់​​ការពារ​។”

Barcelona ដែល​ពេល​នេះ​កំពុង​កាន់​កាប់​ចំណាត់​ថ្នាក់​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ La Liga មួយ​នេះ​កំពុង​តែ​រៀប​ចំ​ខ្លួន​សម្រាប់​ការ​​ប្រកួត​​ពាន​រង្វាន់​ Champions League វគ្គ​ ១៦ ក្រុម​ដែល​ពួក​គេ​​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​តោ​ខៀវ​ Chelsea ។

ប្រែ​​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial