ព័រទុយហ្គាល់​​​​បាន​​ណាត់​​​​​អេស៊ីប​​​​​​ប្រកួត​គ្នា​នៅ​លើ​ទឹក​ដី​ស្វីស​

សហព័ន្ធ​កីឡា​បាល់ទាត់​ព័រទុយហ្គាល់​បាន​ប្រកាស​​ឲ្យ​ដឹង​នូវ​ជំនួប​មិត្ត​ភាព​អន្តរជាតិ​​រវាង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​អេស៊ីប​នៅ​ថ្ងៃ​ ២៣ មីនា​ ២០១៨ នា​កីឡដ្ឋាន​ Letzigrund នៃ​ទីក្រុង​ហ្សូរិច​ ប្រទេស​​ស្វីស​។

ទាំង​អេស៊ីប​ និង​ព័រទុយហ្គាល់​នឹង​ចាប់​ផ្ដើម​ការ​រៀប​ចំ​ខ្លួន​របស់​ពួក​គេ​សម្រាប់​​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​ ២០១៨ នេះ​ដោយ​យក​ប្រទេស​ស្វីស​ធ្វើ​ជា​ទីលាន​សម្រាប់​​ការ​ប្រកួត​របស់​ពួក​គេ​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​​ដើម្បី​​ចូល​រួម​ប្រកួត​ពាន​ World Cup ។

ក្រុម​ទាំង​ ២ នេះ​ធ្លាប់​បាន​ប៉ះ​គ្នា​តែ​​ ២ ដង​ឲ្យ​គត់​នៅ​លើ​ឆាក​​ប្រកួត​អន្តរជាតិ​​​គឺ​នៅ​​ក្នុង​ឆ្នាំ​ ១៩៩៥ ម្ដង​ និង​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​ ២០០៥​ ខណៈ​ដែល​ព័រទុយហ្គាល់​​ទទួល​បាន​ជ័យជម្នះ​ទាំង​ ២ លើក​។

“ការ​ប្រកួត​សម្រាប់​ខែ​មីនា​ត្រូវ​បាន​កំណត់​ហើយ​រួច​រាល់​។” សហព័ន្ធ​កីឡា​បាល់ទាត់​ព័រទុយហ្គាល់​បាន​​បញ្ជាក់​ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ Twitter ។ “ហើយ​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស​​​សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អេស៊ីប​ និង​ហូឡង់​។”

អេស៊ីប​ដែល​​​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​​​ World Cup ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​​រយៈ​ពេល​ ២៨ ឆ្នាំ​កន្លង​មក​នេះ​​បាន​​ស្ថិត​នៅ​ក្នុង​ពូល​ A ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ អ៊ុយរ៉ូហ្គាយ​ និង​​អារ៉ាប៊ីសាអូឌីត​ ខណៈដែល​​ព័រទុយហ្គាល់​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​ Euro ឯណោះ​គឺ​​ស្ថិត​នៅ​ក្នុង​ពូល​ B ជាមួយ​អេស្ប៉ាញ​ ម៉ារ៉ុក​ និង​អឺរ៉ង់​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial