រឿងអប់រំ៖ រង់ចាំមនុស្ស Perfect

មានតាវ័យ ៨០ ឆ្នាំម្នាក់គាត់មិនធ្លាប់រៀបការនោះទេ។​ ថ្ងៃមួយគាត់ធ្លាក់ខ្លួនឈឺធ្ងន់ជិតស្លាប់
ក៏មានកំលោះដែលជាអ្នកជិតខាងម្នាក់សួរគាត់ថា, «តា! តាឯងនៅលីវពេញមួយជីវិតហើយ, ប៉ុន្តែតាឯងមិនដែលប្រាប់នរណាម្នាក់ពីមូលហេតុ​ តាឯងមិនយកប្រពន្ធនោះទេ។ ឥលូវតាឯងជិតស្លាប់ហើយ, តើអាចប្រាប់ពីមូលហេតុបានទេថា ហេតុអ្វីបានជាតាឯងមិនយកប្រពន្ធ? តើតាឯងរង់ចាំអ្នកណាមែនទេ?»

តានោះក៏និយាយឡើងថា, «មែនហើយចៅ, តារង់ចាំមនុស្សម្នាក់។ តាចាំមនុស្សល្អឥតខ្ចោះ។ តាស្វែងរកហើយស្វែងរកទៀតនៅតែមិនឃើញ»។ កំលោះម្នាក់នោះសួរត, «មនុស្សពេញមួយផែនដី មានស្រីស្ទើរតែពាក់កណ្តាល, តានៅតែរកមិនឃើញសូម្បីតែមួយ?» តាស្រក់ទឹកភ្នែក ហើយដកដង្ហើមធំ រួចតបនឹងសំនួរបុរសនោះ, «តារកឃើញមនុស្សស្រីម្នាក់ដែលល្អឥតខ្ចោះ»។

កំលោះទំនងជាភ្ញាក់ផ្អើល ហើយក៏សួរត, «ចុះមានរឿងអ្វីបន្ទាប់មកទៀត? ហេតុអ្វីបានជាតាមិនរៀបការ?» តានោះនិយាយខ្សាវៗឡើងថា, «គួរអោយស្តាយណាស់ដែលនាងមិនស្រលាញ់តា ព្រោះនាងរង់ចាំបុរសដែលល្អឥតខ្ចោះដែរ»។ បុរសនោះភ្ញាក់ផ្អើលចំពោះអ្វីដែលតាបានប្រាប់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial