Wenger ប្រកាស​ថា​ខ្លួន​គ្មាន​ផែនការ​ចាក​ចេញ​ពី​ Arsenal ទេ​

អ្នក​ចាត់​ការទូទៅ​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក​ Arsene Wenger បាន​អះអាង​ថា​គាត់​មិន​មាន​គម្រោង​ក្នុង​ការ​ចាក​ចេញ​ពី​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​មុន​ពេល​កុងត្រា​របស់​គាត់​ដែល​ត្រៀម​នឹង​អស់​នៅ​ឆ្នាំ​ ២០១៩ នោះ​ទេ​​។

មុន​​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់​ក្រុម​ Bournemouth នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​ លោក​ Wenger បាន​​នឹង​កំពុង​រង​សម្ពាធ​​ ខណៈ​ដែល​ក្រុម​របស់​គាត់​​ឈរ​​ចំណាត់​ថ្នាក់​លេខ​ ៦ ក្នុង​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League ដោយ​តាម​ពី​ក្រោយ​ក្រុម​ហង្ស​ក្រហម​ Liverpool ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៤ ចំនួន​ ៥ ពិន្ទុ​។

ក្រុម​​កាំភ្លើង​ធំ​មួយ​នេះ​ក៏​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ FA Cup ជា​លើក​ដំបូង​របស់​ពួក​គេ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​​នៃ​លីក​​​​ទី​ ២ របស់​អង់គ្លេស​ Nottingham Forest លត់​ ៤-២ កាល​ពី​សប្ដាហ៍​មុន​។

ហើយ​ Arsenal ក៏​បាន​ខកខាន​ឱកាស​ក្នុង​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ Champions League រដូវកាល​នេះ​ផង​ដែរ​ ក្រោយ​ពី​ពួក​គេ​បញ្ចប់​ការ​​​ប្រកួត​ក្នុង​លីក​ដោយ​ឈរ​លើ​ចំណាត់​​ថ្នាក់​លេខ​ ៥ កាល​ពី​រដូវកាល​មុន​។

ចំណែក​ Wenger បាន​បន្ត​កុងត្រា​របស់​គាត់​ជាមួយ​កីឡដ្ឋាន​ Emirates កាល​​ពី​ឆ្នាំ​មុន​ និង​បាន​និយាយ​ថា​គាត់​នឹង​បន្ត​នៅ​​ដឹកនាំ​ Arsenal រហូត​ដល់​អស់​កុងត្រា​របស់​គាត់​ បើ​ទោះ​បី​​ពេល​នេះ​ក្រុម​ពួក​គេ​ហាក់​ដូចជា​ដុនដាប​យ៉ាង​ណា​ក៏​ដោយ​។

“តើ​អ្នក​ធ្លាប់​​ឃើញ​ខ្ញុំ​​ចុះ​ចេញ​ដែរ​ទេ​? ទេ​! គឺ​ខ្ញុំ​មិន​ធ្លាប់​ចុះ​ចេញ​នោះ​ទេ​។ ដូច្នេះ​តើ​ហេតុ​អី​ក៏​ខ្ញុំ​​មិន​អាច​បន្ត​ធ្វើ​វា​ទៀត​?” គ្រូ​បង្វឹក​វ័យ​​ចំណាស់​រូប​នេះ​បាន​មាន​ប្រសាសន៍​។ “ខ្ញុំ​តែង​តែ​នៅ​ជាមួយ​ Arsenal ជានិច្ច​។”

“ខ្ញុំ​​ដឹកនាំ​នៅ​ទីនេះ​ ២១ ឆ្នាំ​ហើយ​។” គាត់​បាន​បន្ថែម​។ “រាល់​ការ​សម្រេច​ចិត្ត​ដែល​​ខ្ញុំ​ធ្វើ​​គឺ​ធ្វើ​​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​ដើម្បី​ក្លិប​។ ហើយ​ប្រសិន​បើ​ខ្ញុំ​ស្នាក់​នៅ​ទីនេះ​មួយ​ឆ្នាំ​ ឬ​ដប់​ឆ្នាំ​ទៀត​​ក៏​ខ្ញុំ​នៅ​តែ​មិន​ប្រួល​ប្រែ​ដែរ​ គឺ​​ធ្វើ​​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ក្លិប​មួយ​នេះ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial