ប្រជាជនហៃទីក្រដល់ថ្នាក់ បង្ខំចិត្តហូបនំខូឃី ធ្វើពីដីដើម្បីរស់

ភាពក្រីក្រនៅតែមាននៅក្នុងលោកនេះ។ វាហាក់ដូចជាអ្នកមានកាន់តែមាន ចំណែកអ្នកក្រកាន់តែក្រ, ក្ររហូតរកអ្វីហូបគ្មាន។ តួយ៉ាងប្រទេសហៃទី ដែលកំពុងជួបស្ថានភាពក្រីក្រដល់កំរិតកំពូលបំផុត ដោយសារតែប្រជាជនហៃទីត្រូវបង្ខំចិត្តហូបនំខូឃីដែលធ្វើអំពីដីដើម្បីរស់។

ប្រជាជនរស់នៅប្រទេសហៃទីជិត ៣ លាននាក់កំពុងប្រឈមមុខនឹងបញ្ហាអត់អាហារបរិភោគ។ ១០% នៃប្រជាជនហៃទីត្រូវបានគេចាត់ទុកថាជាអ្នកមាន, ពួកគេរកចំណូលបានជិត ៧០% នៃប្រាក់ចំណូលរបស់ជាតិ ប៉ុន្តែប្រជាជនហៃទីភាគច្រើនរកចំណូលបានតែ ១ រឺ ២​ ដុល្លា រឺតិចជាងនេះទៀតក្នុងមួយថ្ងៃ។

ភាពអត់ឃ្លានកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរបំផុត។ ក្មេងៗជាច្រើន, ហើយសូម្បីតែមនុស្សពេញវ័យក៏ទទួលរងនូវកង្វះអាហាររូបត្ថម្ភផងដែរ។ អាហារដែលមានជីវជាតិដូចជាផ្លែឈើ, បន្លែ, និងអាហារផ្សេងទៀតគឺត្រូវបានគេចាត់ទុកថាជាអាហារលំដាប់អ្នកមាននៅប្រទេសហៃទី។

អ្នកស្រី Celaine Denies, ដែលជាស្ត្រីម្នាក់ដែលធ្វើនំខូឃីទាំងនេះបាននិយាយថា, «នៅពេលដែលពួកយើងមិនមានអ្វីញុំា, នំខូឃីនេះហើយដែលចូលមកបំពេញក្រពះរបស់ពួកយើង»។ ដីដែលដឹកចេញពីភ្នំ, ហើយវាត្រូវបានគេជឿថាវាសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជាជាតិកាល់ស្យូមជាដើម។

ពួកគេចាប់ផ្តើមលាយ «ប័រ» ដោយលាយបញ្ជូលគ្នាជាមួយនឹងដី ហើយនឹងទឹក, ហើយហាលវានៅក្រោមកំដៅថ្ងៃ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៀតនោះគឺ ប្រជាជនហៃទីមួយផ្នែកបានធ្វើនំខូឃីនេះលក់ដើម្បីបានប្រាក់ចំណូល។

Denies បាននិយាយថា, «វាជារឿងចាំបាច់។ ខ្ញុំកំពុងរស់នៅជាមួយនឹងស្ថានភាពលំបាក, ហើយនេះជាមូលហេតុដែលខ្ញុំញុំាវា។ វាធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់, ប៉ុន្តែខ្ញុំគ្មានជម្រើស។ ពួកយើងត្រូវបង្ខំចិត្តញុំាវា។ វាធ្វើអោយពួកយើងឈឺ»។

ការពិតទៅនំខូឃីទាំងនេះមិនបានផ្តល់នូវជីវជាតិអ្វីនោះទេ។ ពួកវាមានតែបង្កើនហានិភ័យនៃកង្វះអាហាររូបត្ថម្ភសម្រាប់ជនជាតិហៃទី ដែលញុំាវាតែប៉ុណ្ណោះ។

អ្នកជំនាញនិយាយថាការញុំានំខូឃីធ្វើពីដីនេះអាចធ្វើអោយប៉ះពាល់ដល់សុខភាព, បង្កើនហានិភ័យនៃជំងឺធ្មេញពុក, ជំងឺបង្កឡើងពីដី, កង្វះអាហាររូបត្ថម្ភ រឺកាន់តែអាក្រក់ជាងនេះ។ ចុចលើវីដេអូខាងក្រោមដើម្បីពីដំណាក់កាលនៃការផលិតនំខូឃីដី៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial