Zidane បាន​បង្ហើប​ថា​ឲ្យ​ដឹង​នូវ​សុពលភាព​​កុងត្រា​របស់​គាត់​នៅ​ Real Madrid

លោក​ Zinedine Zidane បាន​​បញ្ជាក់​ឲ្យ​ដឹង​ថា​លោក​បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ជាមួយ​ក្រុម​យក្សស​ Real Madrid ដែល​នឹង​ចង​ភ្ជាប់​​​គាត់​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​លីក​កំពូល​អេស្ប៉ាញ​មួយ​នេះ​ដល់​ឆ្នាំ​ ២០២០ ប៉ុន្តែ​​វា​គ្មាន​ន័យ​សម្រាប់​គាត់​ទេ​។

Zidane បាន​ជួយ​ឲ្យ​ Real ឈ្នះ​ពាន​ចំនួន​ ៨ ក្រោម​ការ​​ដឹកនាំ​ ២ ឆ្នាំ​របស់​គាត់​ ប៉ុន្តែ​សម្រាប់​រដូវកាល​នេះ​ហាក់​ដូចជា​ជួប​នឹង​ការ​លំបាក​ក្នុង​ការ​រក្សា​តំណែង​ជើង​​ឯក​របស់​ខ្លួន​ ខណៈ​ដែល​ពេល​នេះ​ពួក​គេ​ចាញ់​​ពិន្ទុ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona រហូត​ដល់​ទៅ​ ១៦ ពិន្ទុ​ឯណោះ​​​។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​​កុងត្រា​របស់​គាត់​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​ ២ ស្មើ​រវាង​ Real Madrid និង​ Numancia កាល​ពី​ថ្ងៃ​​ពុធ​នោះ​លោក​ Zidane បាន​​ឆ្លើយ​តប​ថា​ ៖ “ខ្ញុំ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​មួយ​ជាមួយ​ Real Madrid រួច​រាល់​ហើយ​ដែល​​វា​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​ ២០២០ ។”

“ខ្ញុំ​​ដើរ​​មួយ​ប្រកួត​គិត​​មួយ​ប្រកួត​ និង​​ដើរ​​មួយ​គិត​​មួយ​ឆ្នាំ​ដូច​កាល​​ពី​ឆ្នាំ​មុន​។” គាត់​បាន​បន្ថែម​។ “ខ្ញុំ​មិន​អាច​​សម្លឹង​មើល​ទៅ​រយៈ​ពេល​ ២ ឬ​ ៣ ឆ្នាំ​ដែល​​វា​មិន​ទាន់​ចូល​មក​ដល់​បាន​ទេ​ ព្រោះ​​ការ​ជាប់​កុងត្រា​វា​គ្មាន​ន័យ​អ្វី​ទាំង​អស់​។”

Zidane បាន​​ដឹកនាំ​​ Real Madrid ឲ្យ​ឈ្នះ​ពាន​រង្វាន់​ Champions League ចំនួន​ ២ ឆ្នាំ​ជាប់ៗ​គ្នា​ និង​ឈ្នះ​ពាន​រង្វាន់​លីក​កំពូល​អេស្ប៉ាញ​ (La Liga) ជា​លើក​ដំបូង​​របស់​ពួក​គេ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ បន្ទាប់​ពី​បុរស​សញ្ចាតិ​បារាំង​រូប​នេះ​​ឡើង​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ Real Madrid ជំនួស​លោក​ Rafael Benitez នៅ​ក្នុង​ខែ​មករា​ ២០១៦ ។

ប្រែ​សម្រួល​ ៖​ អំពិល​អំពែក​
ប្រភព​ ៖ Sky Sports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial