ក្រុម SHINee សម្រេចចិត្តថានឹងចាប់ផ្តើម​ការប្រគុំតន្ត្រីរបស់ពួកគេ «SHINee World The Best 2018» បើទោះបីជាមិនទាន់ធ្វើចិត្តបានទាំងស្រុងក៏ដោយ

បន្ទាប់ពីការស្លាប់របស់ Jonghyun អតីតសមាជិកក្រុម SHINee, ម្នាក់ៗមានអារម្មណ៍តក់ស្លុត និងក្រៀមក្រំនៅក្នុងចិត្តខ្លាំងណាស់។ ដូចគ្នានេះផងដែរសមាជិកក្រុម SHINee ដទៃទៀតហាក់មានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង។ ពួកគេថែមទាំងធ្លាប់បាននិយាយថាការប្រគុំតន្ត្រី ដែលនឹងរៀបចំឡើងនៅប្រទេសជប៉ុននាខែកុម្ភៈ ឆ្នាំ ២០១៨ នេះពួកគេសុំលុបចោល ដោយខាងផលិតកម្ម SM ថែមទាំងនិយាយថា ក្រុមទាំងមូលត្រូវការពេលវេលាបន្តិច ព្រោះពួកគេនៅកាន់ទុក្ខនៅឡើយ។

ជាការភ្ញាក់ផ្អើលមួយ, សមាជិកក្រុមទាំង ៤ របស់ SHINee​ បានសរសេរសំបុត្រដោយដៃផ្ទាល់ ហើយបង្ហោះនៅក្នុងគេហទំព័រផ្លូវការជប៉ុនរបស់ខ្លួនកាលពីថ្ងៃទី ៩ ម្សិលមិញថា, ពួកគេនឹងសម្រេចចិត្តថានឹងទៅច្រៀងនៅប្រទេសជប៉ុន។

ការប្រគុំតន្ត្រីទេសចរណ៍នៅជប៉ុននោះមានឈ្មោះថា SHINee World The Best 2018 ដែលនឹងចាប់ផ្តើមពីពេលនេះទៅ, បូកបញ្ជូលទាំងការប្រគុំតន្ត្រីនៅថ្ងៃទី ១៧, ១៨ ខែកុម្ភៈនៅ Osaka និង ថ្ងៃទី ២៦ និង ២៧ ខែកុម្ភៈនៅទីក្រុង Tokyo។

នៅក្នុងសំបុត្រនោះដែរ, សមាជិកក្រុម Onew បានសរសេរថា, «ខ្ញុំបានគិតថាវាទៅមិនរួចទេ, ហើយពួកយើងមិនអាចឡើងច្រៀងបានទេ។ ប៉ុន្តែម៉ាក់របស់ Jonghyun បានប្រាប់ពួកយើងថាកុំបោះបង់ចោលអី, ហើយខ្ញុំជឿថាប្រសិនបើពួកយើងអាចផ្តល់ការលួងលោម ទៅមនុស្សដែលកំពុងឈឺចាប់នោះ, ខ្ញុំគួរតែខិតខំប្រឹងបើទោះបីជាខ្ញុំមានកង្វះខាតក៏ដោយ»។

នៅក្នុងសំបុត្រមួយច្បាប់ទៀត Key ដែលជាសមាជិកក្រុមដែរនោះបាននិយាយថាខ្លួនបានសម្រេចចិត្តថានឹងបន្តដំណើរទៅមុខជាមួយនឹងការប្រគុំតន្ត្រីទេសចរណ៍, នេះគឺជាអ្វីដែលបង Jonghyun ចង់បានពីពួកយើង។ គេថែមទាំងបានបញ្ជាក់ថា ២០១៨ នេះគឺជាខួបលើកទី ១០របស់ក្រុម SHINee។

នៅក្នុងសំបុត្រ, ពួកគេក៏បាននិយាយផងដែរថា ពួកគេបានតាំងចិត្តធ្វើការយ៉ាងលំបាកសម្រាប់ការប្រគុំតន្ត្រីទេសចរណ៍នេះ, នៅក្នុងការចងចាំរបស់ពួកគេគឺមានតែ Jonghyun៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial