ប្រធាន​ក្លិប​អាហ្សង់ទីន​ថា​អត់​ទាន់​ឃើញ​ Arsenal ចូល​ចែចូវ​ Pavon នៅ​ឡើយ​

ក្លិប​ Boca Juniors របស់​អាហ្សង់ទីន​បាន​បដិសេធ​​​​​​ចំពោះ​ដំណឹង​​ដែល​ថា​ពួក​គេ​​​​​ទទួល​​បាន​សំណើ​​ពី​ក្រុម​កាំភ្លើង​ធំ​ Arsenal ក្នុង​ការ​សុំ​ទិញ​​​ខ្សែ​ប្រយុទ្ធ​ Cristian Pavon ​។

ថ្មីៗ​នេះ​ Arsenal ត្រូវ​បាន​​គេ​រាយការណ៍​មក​ថា​ពួក​គេ​​បាន​ត្រៀម​កញ្ចប់​ថវិកា​ ៣៧ លាន​អឺរ៉ូ​សម្រាប់​ការ​ចុះ​ហត្ថលេខា​ទិញ​ Pavon និង​ដែល​គេ​រំពឹង​ថា​កីឡាករ​រូប​នេះ​នឹង​ត្រូវ​បាន​​យក​មក​ដើម្បី​ជំនួស​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ។

តែ​ទោះ​ជា​យ៉ាង​ណា​ ​ប្រធាន​ក្លិប​ Boca លោក​ Daniel Angelici អះអាង​ថា​ក្លិប​​របស់​គាត់​មិន​ទាន់​ទទួល​បាន​ការ​ចែចង់​ជា​ផ្លូវការ​ណា​មួយ​ពី​ Arsenal មក​លើ​​ខ្សែ​ប្រយុទ្ធ​​អាហ្សង់ទីន​ វ័យ​ ២១ ឆ្នាំ​​រូប​នេះ​នៅ​ឡើយ​។

“សម្រាប់​ពេល​នេះ​​គឺ​យើង​ពុំ​​ទាន់​​ទទួល​បាន​ការ​ស្នើ​សុំ​ណា​មួយ​​​​ជា​ផ្លូវការ​ ឬ​ក្រៅ​ផ្លូវការ​នៅ​ឡើយ​។” លោក​ Daniel បាន​មាន​ប្រសាសន៍​។ “ពេល​នេះ​វា​គ្រាន់​តែ​ជា​ពាក្យ​ចរចាម​អារ៉ាម​ប៉ុណ្ណោះ​។”

“ប៉ុន្តែ​ខ្ញុំ​​ដឹង​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​ Pavon នៅ​ពេល​​យើង​តកុងត្រា​ថ្មី​ឲ្យ​គាត់​។” ប្រធាន​ក្លិប​ខាង​លើ​បាន​បន្ថែម​។ “ហើយ​ខ្ញុំ​នឹង​មិន​កាត់​ផ្ដាច់​អាជីព​របស់​គាត់​ទេ​ ប៉ុន្តែ​យើង​​បាន​​​បង្ហើត​​ឲ្យ​គាត់​នូវ​​កិច្ច​សន្យា​ល្អ​មួយ​​ ដូច្នេះ​គាត់​អាច​នឹង​មាន​​អារម្មណ៍​​ថា​មាន​ផាសុខភាព​។”

Pavon ស៊ុត​បញ្ចូល​ទី​បាន​ ៩ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ៣០​ ប្រកួត​ក្នុង​លីក​ឲ្យ​ Boca Juniors រដូវកាល​មុន​ ខណៈ​ដែល​រដូវកាល​នេះ​ស៊ុត​បាន​ ៣ គ្រាប់​ហើយ​ពី​ការ​បង្ហាញ​ខ្លួន​របស់​គាត់​​ ១២ ប្រកួត​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial