ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ពុះពារដើរចំងាយ ៤ គីឡូម៉ែត្រទៅសាលារៀន នៅពេលមេឃត្រជាក់ខ្លាំង – ទៅដល់ថ្នាក់រៀនគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង

ក្មេងប្រុសម្នាក់បានធ្វើអោយអ្នកនិយមលេងអ៊ីនធើណេតជាច្រើន មានការកោតសរសើរ​ និងអស់សំណើចជាខ្លាំង ដោយសារតែការតស៊ូពុះពាររបស់គេក្នុងការធ្វើដំណើរទៅសាលារៀន ដែលមានចំងាយ ៤ គីឡូម៉ែត្រពីផ្ទះរបស់គេ នៅពេលដែលមេឃកំពុងធ្លាក់ព្រិល។ បើទោះជារងារខ្លាំងប៉ុណ្ណាក៏ដោយ, ក៏ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់នេះមិនចុះចាញ់ឡើយ, គេនៅតែស៊ូទ្រាំដើររហូតដល់ថ្នាក់រៀន។ ក្មេងប្រុសរូបនោះមានឈ្មោះថា Wang Fuman, នៅពេលដែលគេទៅដល់ថ្នាក់រៀន, គ្រូ និងសិស្សរួមថ្នាក់ដទៃទៀតនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសក់ក្បាល និងចិញ្ចើមរបស់គេឡើងកក។

យោងតាមសារពត៌មាននៅក្នុងប្រទេសចិនបានសរសេរថា, ក្មេងប្រុសថ្នាក់ទី ៣ រូបនោះ បានពុះពារដើរក្រោមព្រិលទឹកកក ដែលមានសីតុណ្ហភាព -៩ អង្សាសេ, ដើរចំងាយ ៤.៥គីឡូម៉ែត្រដែលត្រូវប្រើរយៈពេល ១ ម៉ោងពីផ្ទះរបស់គេទៅសាលារៀននៅឯ Shaoton, ខេត្ត Yunnan, ដើម្បីទៅប្រលង។ លោក Fu ដែលជានាយកសាលាបាននិយាយថា, វាគឺជាថ្ងៃដំបូងក្នុងការប្រលងបញ្ចប់ការសិក្សា ហើយសីតុណ្ហភាពបានធ្លាក់ចុះយ៉ាងរហ័សក្នុងរយៈពេលកន្លះម៉ោង, ខណៈពេលដែលក្មេងប្រុសបានកំពុងធ្វើដំណើរមកសាលារៀន។

យោងតាមការសម្ភាសន៍នៅលើបណ្តាញសង្គម Pear Video, ក្មេងប្រុសរូបនោះរស់នៅជាមួយនឹងជីដូន ហើយនឹងបងស្រីរបស់គេនៅឯ Ludian, ប្រទេសចិន។ ឪពុករបស់គេជាអ្នកផ្គត់ផ្គងគ្រួសារ, ហើយគាត់ធ្វើការចំណាកស្រុក។ ចំណែកឯម្តាយរបស់គេវិញបានចាកចេញពីក្រុមគ្រួសារ។ ក្មេងប្រុសបានបង្ហាញដៃដ៏ក្រិនរបស់គេ ដោយប្រាប់ថាក្រៅពីរៀន ឆ្លៀតពេលទំនេរគេជួយជីដូនធ្វើចំការ, នេះជាមូលហេតុដែលធ្វើអោយដៃរបស់គេក្រិន ហើយមានរបួសដោយសារត្រជាក់ខ្លាំងពេក។

គេថែមទាំងបាននិយាយទៀតថា, គេនឹកប៉ារបស់គេខ្លាំងណាស់ ព្រោះគេខានជួបមុខគាត់ ២ រឺ៣ខែហើយ ដោយសារតែប៉ារបស់គេទៅស្រុកឆ្ងាយ។ ក្នុងនោះផងដែរមានអ្នកនិយមលេងអ៊ីនធើណេតជាច្រើន មានការអាណិតអាសូរក្មេងប្រុស ហើយថែមទាំងបានលើកទឹកចិត្តក្មេងប្រុសអោយខិតខំប្រឹងរៀនសូត្របន្ថែម ដើម្បីកែប្រែវាសនារបស់គេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial