Zidane ថា​គ្មាន​គម្រោង​ទិញ​កីឡាករ​ថែម​ទេ​ ទោះ​បី​ Real Madrid កំពុង​ធ្លាក់​ដុនដាប​

លោក​ Zinedine Zidane ​​ថា​គាត់​គ្មាន​ចំណាប់​អារម្មណ៍​​ក្នុង​​ការ​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​​បន្ថែម​ទៀត​ទេ​នា​រដូវកាល​ដោះដូរ​កីឡាករ​ខែ​​មករា​នេះ​ ខណៈ​ដែល​គាត់​​បាន​ទទួល​យក​​នូវ​​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្លាក់​ទម្រង់​លេង​របស់​ក្រុម​យក្សស​ Real Madrid ។

ពេល​នេះ​ Real Madrid កំពុង​តាម​ពី​ក្រោយ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ដែល​កំពុង​ឈរ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ La Liga ចំនួន​ ១៦ ពិន្ទុ​​ បន្ទាប់​ពី​ពួក​គេ​ប្រកួត​ស្មើ​ជាមួយ​ Celta Vigo កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

ហើយ​ការ​រក្សា​តំណែង​ជើង​ឯក​​​ពាន​ក្នុង​លីក​​​រដូវកាល​​នេះ​​បាន​ក្លាយ​ជា​​រឿង​​មិន​ងាយ​ស្រួល​​សម្រាប់​ Real Madrid ដែល​ត្រូវ​បាន​​ផ្សា​ភ្ជាប់​ជាមួយ​ការ​ចង់​បាន​​​អ្នកចាំទី​ Kepa Arrizabalaga របស់​ក្រុម​ Athletic Bilbao, អ្នក​ចាំទី​ Thibaut Courtois និង​ខ្សែ​បម្រើ​ Eden Hazard របស់​ក្រុម​តោ​ខៀវ​ Chelsea និង​ខ្សែ​ប្រយុទ្ធ​ Harry Kane របស់​ Tottenham ។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​តើ​ Real Madrid ត្រូវ​ការ​​​ទិញ​កីឡាករ​​បន្ថែម​ដើម្បី​ពង្រឹង​​ក្រុម​​​​​ដែរ​ឬ​ទេ​ ពេល​នោះ​ Zidane បាន​តប​ទៅ​វិញ​ថា​​ ៖ “ទេ​! សម្រាប់​ពេល​នេះ​​គឺ​ខ្ញុំ​មិន​ចង់​បាន​កីឡាករ​ណា​​ទាំង​អស់​។”

បុរស​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ថែម​​ថា​ ៖ “រហូត​ដល់​ចុង​ខែ​មករា​យើង​នឹង​ដឹង​ ប៉ុន្តែ​​ពេល​នេះ​គឺ​មិន​ទាន់​ដឹង​ទេ​ ព្រោះ​ខ្ញុំ​​ពេញ​ចិត្ត​​ក្រុម​កីឡាករ​បច្ចុប្បន្ន​របស់​ខ្ញុំ​​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial