Coutinho រង​ការ​វាយ​ប្រហារ​ខ្លាំង​​នៅ​លើ​បណ្ដាញ​សង្គម​ ក្រោយ​ការ​ផ្ទេរ​ទៅ​ Barcelona

អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​បង្ហោះ​វីដេអូ​មួយ​ចូល​ក្នុង​បណ្ដាញ​សង្គម​ Twitter ហាក់​ដូច​ជា​​​ក្នុង​បំណង​ដើម្បី​បញ្ចេញ​កំហឹង​ដាក់​​ខ្សែ​បម្រើ​ Philippe Coutinho ដែល​បាន​ចាក​ចេញ​ពី​ក្រុម​នៃ​លីក​កំពូល​​របស់​អង់គ្លេស​មួយ​នេះ​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​​អ្នក​​មាន​បុណ្យ​ Barcelona ​។

តាម​ពិត​ទៅ​អ្នក​គាំទ្រ​របស់​ Liverpool បាន​ដឹង​​រួច​ទៅ​ហើយ​ថា​កីឡាករ​ប្រេស៊ីល​រូប​នេះ​​នឹង​មានះ​ក្នុង​ការ​​ផ្ទេរ​ទៅ​​ Barcelona ដែល​បាន​​តាម​ចែ​ចង់​គាត់​តាំង​ពី​រដូវក្ដៅ​ឆ្នាំ​មុន​ម្ល៉េះ​​ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ។

ហើយ​អ្វី​ដែល​អ្នក​គាំទ្រ​ហង្ស​ក្រហម​​សង្ឃឹម​នោះ​គឺ​ពួក​គេ​សង្ឃឹម​​ថា​លោក​ Jurgen Klopp គ្រូ​បង្វឹក​ Liverpool រូប​នេះ​នឹង​អាច​បញ្ចុះ​បញ្ចូល​ Coutinho ឲ្យ​បន្ត​ស្នាក់​នៅ​ជាមួយ​ពួក​គេ​​បាន​ តែ​ទោះ​ជា​យ៉ាង​ណា​កីឡាករ​រូប​នេះ​សារភាព​ថា​​ការ​​ផ្ទេរ​ទៅ​​លេង​ឲ្យ​ក្លិប​អេស្ប៉ាញ​ Barcelona គឺ​​ជា​ក្ដី​សុបិន​របស់​គាត់​។

នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ Coutinho ត្រូវ​បាន​អតីត​គាំទ្រ​របស់​ខ្លួន​​បងា្ហញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាក​ចេញ​របស់​គាត់​​ដោយ​មិន​រង់ចាំ​ឲ្យ​​ចប់​យុទ្ធនាការ​ប្រកួត​រដូវកាល​នេះ​​ និង​​ត្រូវ​​អ្នក​គាំទ្រ​មួយ​ចំនួន​ហៅ​គាត់​ថា​ «សត្វ​ពស់​» ខណៈ​ដែល​អ្នក​គាំទ្រ​សញ្ជាតិ​​អ៊ីរ៉ាក់​ម្នាក់​បាន​​បង្ហោះ​នូវ​វីដេអូ​​នៃ​​​​​​សកម្មភាព​ដុត​អាវ​​ដែល​មាន​លេខ​ និង​ឈ្មោះ​របស់​ Coutinho ​​ចូល​បណ្ដាញ​សង្គម​។

“នៅ​ពេល​ខ្ញុំ​បាន​ឮ​អំពី​ដំណឹង​ថា​​ Barcelona ចាប់​អារម្មណ៍​លើ​ខ្ញុំ​ បន្ទាប់​មក​វា​មិន​មែន​ជា​ជម្រើស​មួយ​របស់​ខ្ញុំ​ទេ​។” Coutinho បាន​​និយាយ​​ក្រោយ​បញ្ចប់​ការ​ផ្ទេរ​ទៅ​​កីឡដ្ឋាន​ Camp Nou របស់​ Barcelona ។ “ខ្ញុំ​គ្មាន​​ការ​សង្ស័យ​អី​ទាំង​អស់​ គឺ​ខ្ញុំ​ត្រូវ​តែ​មក​ចុះ​ចូល​ជាមួយ​​ Barcelona ។ នេះ​គឺ​ជា​អ្វី​ដែល​​​ខ្ញុំ​បាន​ស្រមៃ​មក​ជា​យូរ​ និង​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បន់​​ផ្សង​។”

“Barcelona គឺ​ជា​ក្លិប​ដ៏​ធំ​មួយ​ដែល​មាន​​កីឡាករ​ល្អៗ​ជា​ច្រើន​​។” កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​។ “ខ្ញុំ​នឹង​ព្យាយាម​​សម្រប​ខ្លួន​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial