Klopp ថា​គាត់​មិន​​​ប្រញាប់​ក្នុង​ការ​ដាក់​​ខ្សែការពារ​ចំណូល​ថ្មី​ Van Dijk ឲ្យ​ចូល​លេង​​ទេ​

លោក​ Jurgen Klopp គ្រូ​បង្វឹក​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​លើក​ឡើង​ថា​គាត់​នឹង​មិន​ប្រញាប់​​ក្នុង​ការ​ដាក់​ខ្សែការពារ​ចំណូល​ថ្មី​​ Virgil van Dijk ឲ្យ​ចូល​លេង​ទេ​ ខណៈ​ដែល​​ពួក​គេ​ត្រៀម​ខ្លួន​​សម្រាប់​​ការ​ប្រកួត​ពាន​រង្វាន់​ FA Cup ទល់​នឹង​ក្រុម​ Everton នា​ថ្ងៃ​សុក្រ​នេះ​។

Dijk ដែល​បាន​បញ្ចប់​ការ​ផ្ទេរ​​ពី​ Southampton មក​កាន់​កីឡដ្ឋាន​ Anfield កាល​ពី​ថ្ងៃ​​ទី​ ០១ មករា​ កន្លង​ទៅ​រូប​នេះ​គឺ​អាច​​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់​គាត់​ឲ្យ​ Liverpool បាន​ហើយ​​ ប៉ុន្តែ​ទោះ​ជា​​យ៉ាង​ណា​ Klopp ទំនង​ជា​មិន​ទាន់​​ដេញ​វេលា​ត្រូវ​ក្នុង​ការ​​ដាក់​​ឲ្យ​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​ចូល​លេង​នៅ​ឡើយ​ទេ​ ខណៈ​ដែល​ Liverpool ក៏​នឹង​ត្រូវ​​បាត់បង់​​កីឡាករ​សំខាន់​ ២ រូប​​​ផ្សេង​ទៀត​នៅ​ពេល​ប្រកួត​ជាមួយ​ Everton គឺ​ Philippe Coutinho និង​ Mohamed Salah ដោយសារ​បញ្ហា​របួស​។

“Van Dijk គឺ​ខុស​ពី​កីឡាករ​ឯ​ទៀត​ ហើយ​គាត់​​ពិត​ជា​មាន​សុខភាព​មាំមួន​ល្អ​​ណាស់​។” Klopp បាន​​ថ្លែង​កាល​ពី​ថ្ងៃ​ព្រស្បតិ៍​កន្លង​ទៅ​។ “ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​ការ​ប្រកួត​នេះ​។”

“ខ្ញុំ​អាច​ដឹង​បាន​ថា​អ្នក​រាល់​គ្នា​គឺ​ពិត​ជា​ចង់​ឃើញ​គាត់​​នៅ​លើ​ទីលាន​។” គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​បន្ថែម​។ “ប៉ុន្តែ​តាម​ទស្សនៈ​របស់​​យើង​ គឺ​យើង​មិន​ទាន់​ប្រញាប់​ក្នុង​ការ​ដាក់​ឲ្យ​គាត់​ចូល​លេង​ទេ​។”

យ៉ាង​ណា​មិញ​​ Klopp បាន​បញ្ជាក់​​បន្ថែម​ថា​គាត់​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​នៅ​ឡើយ​​ទេ​ទាក់ទង​​ថា​តើ​ត្រូវ​ដាក់​​ឲ្យ​ Van Dijk ឲ្យ​ចូល​លេង​​ពេល​នេះ​​​ ឬ​ចាំ​​ប្រកួត​ក្រោយ​ទៀត​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Sky Sports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial