ការស្រាវជ្រាវថ្មីមួយបង្ហាញថា មនុស្សអាចស្លាប់ដោយសារតែបែកបាក់ស្នេហា

អ្នកដែលធ្លាប់ខូចចិត្តនឹងស្នេហា ច្បាស់ជាយល់ពីអារម្មណ៍ឈឺចាប់មួយនោះ។ នៅពេលដែលពួកគេគិតដល់ការបាក់បែកស្នេហា, ពួកគេនឹងហូរទឹកភ្នែក, ក្រៀមក្រំ, តែលតោល ហើយអារម្មណ៍ដែលឈឺផ្សារលាយឡំផ្សេងទៀត។ ការបាត់បង់មនុស្សជាទីស្រលាញ់ដោយសារការស្លាប់ រឺបែកបាក់គ្នា សុទ្ធតែជាអារម្មណ៍ឈឺផ្សារខាងផ្នែកផ្លូវចិត្ត ដែលអាចនាំអោយមានជំងឺខ្សោយបេះដូង។

យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយនៅក្នុង New England Journal of Medicine, បង្ហាញថាស្ថានភាពមួយនេះ ពិតជាធ្វើអោយមនុស្សស្លាប់ដោយសារតែស្នេហាពិតមែន, វាត្រូវបានគេដឹងថាគឺជា «ភាពតានតឹងនៅក្នុងបេះដូង រឺ Stress Cardiomyopathy»។ ការសិក្សាទៅលើការធ្វើតេស្តមនុស្សចំនួន ១៧៥០នាក់, ២៧.៧% បង្កឡើងដោយស្ថានភាពអារម្មណ៍ ហើយ ៣៦% បានវិវត្តស្ថានភាពនេះ ដោយសារតែរោគសញ្ញារាងកាយ។ អ្នកនិពន្ធបណ្ឌិតលោក Dr. Jelena Ghadri នៃ University Hospital Zurich នៅប្រទេសស្វីសបានននិយាយថា, «មនុស្សជាច្រើនគិតថាស្ថានភាពនេះ គឺជាជំងឺធម្មតា, ប៉ុន្តែការពិតវាជាជំងឺដែលគំរាមកំហែងដល់អាយុជីវិត», គាត់បន្ថែមទៀតថា, «វាគឺជារោគសញ្ញានៃបេះដូងចុះខ្សោយ ដែលផ្សារភ្ជាប់ជាមួយនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់»។

ក្នុងចំណោមអ្នកជំងឺ ១៧៥០ នាក់ដែលបានធ្វើតេស្ត ស្ទើរតែ ៩០% គឺជាមនុស្សស្រី, ទោះបីជាស្ថានភាពនេះបានសម្លាប់បុរសច្រើនជាង ១៣% ក៏ដោយ។

ការសិក្សាថែមទាំងបានបញ្ជាក់ថា អ្នកជំងឺដែលមានជំងឺខ្សោយបេះដូងគឺ ទំនងជាមានប្រវត្តិនៃបញ្ហាសរសៃប្រសាទ ឬបញ្ហាផ្លូវចិត្តក៏ដូចជាភាពមិនប្រក្រតីនៃបេះដូងដទៃទៀត។ នេះបើប្រៀបធៀបទៅនឹងអ្នកដែលមានរោគសញ្ញាស្រដៀងគ្នានេះ ប៉ុន្តែមិនមានបញ្ហា «បែកបាក់ស្នេហា»។ រោគសញ្ញានៃការបែកបាក់ស្នេហា គឺត្រូវបានគេធ្វើរោគវិនិច្ឆ័យខុសថាជាជំងឺគាំងបេះដូង ដោយសារតែរោគសញ្ញា និងការធ្វើតេស្តជាច្រើនគឺមានភាពស្រដៀងគ្នា។ ការពិត, យោងទៅតាមការធ្វើតេស្តរបស់ American Heart Association បានបង្ហាញថាការប្រែប្រួលយ៉ាងខ្លាំងនៃចង្វាក់បេះដូង និងសារធាតុឈាម ដែលជាលក្ខណៈធម្មតានៃការគាំងបេះដូង។ ទោះបីជាយ៉ាងណាក៏ដោយ វាខុសពីការគាំងបេះដូង, ព្រោះវាគ្មានភស្តុតាងដែលបង្ហាញពីសរសៃឈាមបេះដូង ត្រូវបានស្ទះ រឺខូចខាតនៅក្នុងបេះដូង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial