គ្រូ​ Tottenham សង្ឃឹម​ថា​ Kane នឹង​មិន​​​ទៅ​ចុះ​ចូល​ Real Madrid ​តាម​ Bale និង​ Modric

គ្រូ​បង្វឹក​ក្រុម​ Tottenham លោក​ Mauricio Pochettino បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្លិប​របស់​លោក​​នឹង​ពិចារណា​ក្នុង​ការ​លក់​ខ្សែ​ប្រយុទ្ធ​ Harry Kane ទៅ​ឲ្យ​ក្រុម​យក្សស​ Real Madrid ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​សម្រេច​ចិត្ត​ថា​ចង់​ចាក​ចេញ​ដូច​ Gareth Bale និង​ Luka Modric ដែរ​។

២០១៧ គឺ​ជា​ឆ្នាំ​មួយ​ដែល​ទម្រង់​លេង​​របស់​ Kane ឡើង​ខ្លាំង​ ខណៈ​ដែល​គាត់​បាន​ផ្ដួល​​កំណត់ត្រា​របស់​ Alan Shearer ក្នុង​ការ​ក្លាយ​​​ខ្លួន​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​​គេ​នៅ​លីក​​កំពូល​របស់​អង់គ្លេស​​​ «Premier League» ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​គាត់​រក​បាន​ដល់​ទៅ​ ៣៧ គ្រាប់​​ និង​​មាន​ប្រៀប​គ្រាប់​បាល់​ទៅ​លើ​តារា​បាល់​ទាត់​ឆ្នើម​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ Lionel Messi ដែល​គាត់​រក​បាន​ឲ្យ​ក្លិប​ និង​ជម្រើស​​ជាតិ​ក្នុង​អំឡុង​ពេល​ ១២ ខែ​កន្លង​មក​។

Kane ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​គាត់​ត្រូវ​បាន​ក្រុម​​ម្ចាស់​ជើង​ឯក​​ពាន​លីក​កំពូល​អេស្ប៉ាញ​​ «La Liga» និង​ Champions League, Real Madrid ចាប់​អារម្មណ៍​ចង់​​បាន​ ហើយ​គេ​ជឿ​ថា​​ Real នឹង​ធ្វើ​ការ​​នាំ​ Kane ចេញ​ពី​ Tottenham នា​ចុង​រដូវកាល​នេះ​​​ បើ​ទោះ​បី​ជា​លោក​ Pochettino សារ​ភាព​ថា​ក្លិប​របស់​លោក​គ្មាន​បំណង​ក្នុង​ការ​លក់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​រូប​នេះ​ចេញ​​ក៏​ដោយ។

“ក្នុង​​នាម​ជា​គ្រូ​បង្វឹក​ Tottenham ម្នាក់​ ខ្ញុំ​​នឹង​និយាយ​ថា​បើ​សិន​ជា​ Real Madrid មក​ធ្វើ​ការ​ដេញ​ថ្លៃ​​យក​ Kane នោះ​យើង​នឹង​​មិន​លក់​​គាត់​ទេ​ ព្រោះ​​គាត់​នឹង​​បន្ត​ស្នាក់​នៅ​ទីនេះ​ ហើយ​ពួក​គេ​ក៏​នឹង​ត្រូវ​តែ​យល់​ចំពោះ​បញ្ហា​នេះ​ដូច​គ្នា​​។” លោក​ Pochettino បាន​មាន​ប្រសាសន៍​។ “ប៉ុន្តែ​ប្រសិន​ណា​ជា​​គាត់​សុំ​ចាក​ចេញ​​ដូច​ដែល​​ Modric និង​ Bale បាន​ធ្វើ​ នោះ​យើង​នឹង​ដឹង​ថា​មាន​អ្វី​​កើត​ឡើង​។”

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ “ខ្ញុំ​សង្ឃឹម​ថា​ Kane អាច​នឹង​នៅ​លេង​ឲ្យ​ Tottenham យូរ​​ឆ្នាំ​ទៅ​មុខ​ទៀត​​ និង​បន្ត​ផ្ដល់​គ្រាប់​បាល់​បញ្ចូល​ទី​​កាន់​តែ​ច្រើន​​ រួម​ជាមួយ​ជ័យជម្នះ​ និង​ពាន​រង្វាន់។”​

ពេល​នេះ​ Kane គឺ​ជា​អ្នក​​នាំ​មុខ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​​នៅ​ Premier League រដូវកាល​នេះ​​ គឺ​រហូត​ដល់​ទៅ​​ ១៨ គ្រាប់​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial