Costa ស៊ុត​​​បាន​មួយ​គ្រាប់​​ឲ្យ​ At Madrid នៅ​ថ្ងៃ​វិល​ត្រលប់​ដំបូង​របស់​គាត់​

ខ្សែ​ប្រយុទ្ធ​ Diego Costa មិន​​​ធ្វើ​ឲ្យ​ក្រុម​ Atletico Madrid ខក​បំណង​ឡើង​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​នាំ​គាត់​ត្រលប់​មក​វិញ​ ខណៈ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ​​​ស៊ុត​បញ្ចូល​ទី​​បាន​មួយ​គ្រាប់​នៅ​ថ្ងៃ​​ដំបូង​នៃ​ការ​វិល​ត្រលប់​ចូល​ទីលាន​ប្រកួត​​របស់​គាត់​។

ក្រុម​តោ​ខៀវ​ Chelsea បាន​​យល់ព្រម​លក់​​កីឡាករ​វ័យ​ ២៩ ឆ្នាំ​ Costa មក​ឲ្យ​ At Madrid វិញ​កាល​ពី​កញ្ញា​ឆ្នាំ​មុន​​​ ហើយ​ដោយ​សារ​​ក្លិប​អេស្ប៉ាញ​មួយ​នេះ​ត្រូវ​បាន​ FIFA ពិន័យ​ ទើប​ធ្វើ​ឲ្យ​​ Costa ​មិន​​​អាច​ចូល​លេង​​បាន​​រហូត​មក​​ទល់​​ខែ​មករា​នេះ​​​​ ហើយ​​ក៏​ចំ​ពេល​ដែល​ ​At Madrid ប្រកួត​ពាន​រង្វាន់​ Copa del Rey ជាមួយ​ក្រុម​ Lleida Esportiu ដែល​​គាត់​​​បាន​បង្ហាញ​ខ្លួន​​ជា​កីឡាករ​បម្រុង​​​​។

Costa ត្រូវ​បាន​​ប្ដូរ​ចូល​នៅ​នាទី​ទី ៦៧ នៃ​ការ​ប្រកួត​ខាង​លើ​​​ និង​ក៏​ជា​​ការ​​បង្ហាញ​លើ​​ទីលាន​ប្រកួត​ផ្លូវការ​ដំបូង​​របស់​​​​គាត់​​​ឲ្យ​ At Madrid ចាប់​តាំង​ពី​ចុង​រដូវកាល​ ២០១៣/១៤ ។

ប្រាំ​នាទី​ក្រោយ​ពេល​ប្ដូរ​ចូល​ Costa ​​បាន​​បំប៉ើង​សំណាញ់​ទី​ Lleida Esportiu ឲ្យ​ At Madrid នាំ​មុខ​​ ៣-០ មុន​ពេល​​ខ្សែ​ប្រយុទ្ធ​ Antonie Griezmann ស៊ុត​បន្ថែម​មួយ​គ្រាប់​ទៀត​​ធ្វើ​ឲ្យ​​ការ​ប្រកួត​បញ្ចប់​ទៅ​ជាមួយ​លទ្ធផល​​ ៤ ទល់​នឹង​ ០ ដែល​ជា​ការ​ប្រកួត​​​ជើង​ទី​មួយ​នៃ​ពាន​រង្វាន់​ Copa del Rey វគ្គ​ ១៦ ក្រុម​ ។

“ខ្ញុំ​​រីករាយ​ខ្លាំង​ណាស់​ក្នុង​ការ​មាន​អារម្មណ៍​ដូចជា​កីឡាករ​បាល់ទាត់​មួយ​រូប​សារជា​ថ្មី​​ និង​បាន​លេង​ម្ដង​ទៀត​ជាមួយ​ At Madrid ។” Costa បាន​និយាយ​។ “វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​។​”

“ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​លេង​ម្ដង​ទៀត​ ហើយ​ខ្ញុំ​​ក៏​មាន​ឱកាស​ក្នុង​ការ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ផង​ដែរ​។” គាត់​បាន​បន្ថែម​។ “វា​​​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial