Zidane ​រៀប​រាប់​ពី​អនាគត​របស់​គាត់​ជាមួយ​ Real Madrid

លោក​ Zinedine Zidane សារភាព​ថា​គាត់​មិន​ដឹង​ច្បាស់​ទេ​​អំពី​អនាគត​របស់​គាត់​ជាមួយ​ក្រុម​យក្សស​ Real Madrid ខណៈ​ដែល​បុរស​សញ្ជាតិ​បារាំង​រូប​នេះ​អះអាង​​ថា​អ្វី​ដែល​​អាច​នឹង​កើត​ឡើង​នៅ​កីឡដ្ឋាន​ Bernabeu គឺ​ជា​រឿង​ដែល​​គ្មាន​នរណា​ម្នាក់​ដឹង​​មុន​នោះ​ទេ​។

Real Madrid គឺ​ជា​ក្លិប​មួយ​ដែល​​ល្បី​​ឈ្មោះ​​ខាង​បោះ​បង់​​គ្រូ​បង្វឹក​ដោយ​​គ្មាន​​ការ​គិត​ច្រើន​​ ខណៈ​ដែល​​លោក​ Jose Mourinho និង​ Carlo Ancelotti ​ក៏​​ស្ថិត​នៅ​ក្នុង​បេក្ខភាព​គ្រូ​បង្វឹក​ដែល​ត្រូវ​បាន​ក្លិប​អេស្ប៉ាញ​មួយ​នេះ​បណ្ដេញ​ចេញ​​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ​​​ បើ​ទោះ​បី​គ្រូ​បង្វឹក​ទាំង​នោះ​ជួយ​ឲ្យ​ក្លិប​ពួក​គេ​ទទួល​បាន​ជោគជ័យ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​។

ពេល​នេះ​ Real Madrid ដែល​ស្ថិត​នៅ​ក្រុម​ការ​ដឹកនាំ​របស់​លោក​ Zidane កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ប្រជែង​យក​ពាន​នៃ​លីក​កំពូល​អេស្ប៉ាញ​ «La Liga» ដោយ​ពួក​គេ​កំពុង​តាម​ពី​ក្រោយ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ដែល​កំពុង​ឈរ​​នៅ​លើ​កំពូល​តារាង​នោះ​ចំនួន​ ១៤ ពិន្ទុ​​ បើ​ទោះ​បី​ពួក​គេ​នៅ​សល់​មួយ​ប្រកួត​ទៀត​នៅ​ក្នុង​ដៃ​។

តែ​ទោះ​​ជា​​យ៉ាង​ណា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​ Champions League មួយ​នេះ​​នៅ​មាន​​ឱកាស​សម្រាប់​ការ​ប្រជែង​យក​ពាន​ Champions League ដែល​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​នៃ​លីក​កំពូល​បារាំង​ Paris Saint Germain និង​​​ការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey ខណៈ​ដែល​លោក​ Zidane ថា​គាត់​​មិន​ហ៊ាន​មើល​ទៅ​អនាគត​ដែល​ឆ្ងាយ​ជាង​ ៦ ខែ​ទេ​។

“វា​​គឺ​ជា​សំណួរ​ចាក់​ដោត​​ណាស់​ ប៉ុន្តែ​នៅ​ទីនេះ​​ នៅ​ Real Madrid គឺ​អ្នក​មិន​ដែល​ដឹង​នោះ​ទេ​។” លោក​ Zidane បាន​តប​ទៅ​អ្នក​កាសែត​ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​​ថា​តើ​នៅ​យូរ​ប៉ុណ្ណា​ទៀត​ដែល​គាត់​នឹង​នៅ​ធ្វើ​ជា​គ្រូ​បង្វឹក​ Real Madrid ។

“ខ្ញុំ​​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​​ក្នុង​ការ​បញ្ចប់​​រដូវកាល​ ព្រោះ​យើង​មាន​​លទ្ធភាព​ច្រើន​គ្រប់​គ្រាន់​ដើម្បី​ឈាន​ទៅ​កាន់​ការ​ឈ្នះ​ពាន​ម្ដង​ទៀត​ ហើយ​​​វា​ពិត​ជា​ជម្រុញ​ទឹក​ចិត្ត​ខ្លាំង​មែន​ទែន​​សម្រាប់​ខ្ញុំ​ និង​ក្រុម​។” គាត់​បាន​បន្ថែម​។ “ខ្ញុំ​មិន​អាច​សម្លឹង​មើល​ទៅ​អនាគត​ដ៏​វែង​ឆ្ងាយ​ជាង​ ៦ ខាង​មុខ​​បាន​ទេ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial