Hazard គ្រង​តំណែង​ពាន​កីឡាករ​ប៊ែលហ្ស៊ីក​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​

ខ្សែ​ប្រយុទ្ធ​ Eden Hazard របស់​ក្រុម​តោ​ខៀវ​ Chelsea បាន​ប្រជែង​ឈ្នះ​​តារា​បាល់ទាត់​ឆ្នើម​របស់​ក្រុម​មេឃ​ខៀវ​ Manchester City គឺ​កីឡាករ​ Kevin De Bruyne សម្រាប់​ពាន​រង្វាន់​កីឡាករ​ប៊ែលហ្ស៊ីក​​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​​ (Devil of the Year) ។

De Bruyne បាន​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ Man City កាន់​កាប់​ចំណាត់​ថ្នាក់​កំពូល​តារាង​នៅ​ Premier League ខណៈ​ដែល​ខ្លួន​គាត់​ផ្ទាល់​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៦ គ្រាប់​​ក្នុង​លីក​។

តែ​ទោះ​ជា​យ៉ាង​ណា​​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​ជឿ​ជាក់​ថា​ Hazard ​ទើប​ជា​​តួ​ឯក​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​ដែល​បាន​កក់​កៅអី​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នៅ​ឯ​ប្រទេស​រុស្ស៊ី​។

Hazard ចូល​លេង​បាន​ ៥ ប្រកួត​ឲ្យ​គត់​ឲ្យ​ប៊ែលហ្ស៊ីក​កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ ខណៈ​ដែល​ De Bruyne បង្ហាញ​ខ្លួន​​បាន​ ៨ ប្រកួត​ ប៉ុន្តែ​​ Hazard ហាក់​លេច​ធ្លោ​ជាង​​ដោយ​​ការ​ស៊ុត​បញ្ចូល​ទី​បាន​ ៣ គ្រាប់​​ពី​ការ​ប្រកួត​ទាំង​នោះ​​របស់​គាត់​។

ការ​បង្ហាញ​ទម្រង់​លេង​ល្អ​​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​​រហូត​ដល់​ទៅ​ ១០,២៨០ សម្លេង​ និង​ឈាន​ទៅ​ដល់​ការ​​ឈ្នះ​ពាន​កីឡាករ​​ប៊ែលហ្ស៊ីក​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៧ ខណៈ​ដែល​ De Bruyne ទទួល​បាន​ការ​គាំទ្រ​ចំនួន​ ៤,៧១០ សម្លេង​ និង​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ទទួល​បាន​ ៣,២២៣ សម្លេង​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial