គ្រប់​ការ​ជួប​មិន​មែន​សុទ្ធតែ​ជា​និស្ស័យ​នោះ​ទេ ព្រោះ​ថា ការ​ជួប​ខ្លះ​ធ្វើ​ឱ្យ​មនុស្ស​ដឹង​ពី​ធាតុពិត​របស់​មនុស្ស រួច​ហើយ​ក៏​បែកគ្នា​ទៅ​វិញ!!!

ការ​ជួបគ្នា ដែល​បាន​នៅ​ក្បែរ​គ្នា ជួប​គ្នា ស្គាល់​គ្នា​រាល់​ថ្ងៃ ឬ​ជួន​កាល​ទៀត​រស់នៅ​ជា​មួយ​គ្នា​អស់​មួយ​ជីវិត នោះ​ទើប​គេ​ឱ្យ​ឈ្មោះ​ថា ការ​ជួប​គ្នា​ព្រោះ​និស្ស័យ គឺ​ការ​ជួប​គ្នា ក្នុង​ភាព​ជា​គូជីវិត។

ប៉ុន្តែ​បើ​ការ​ជួប​នោះ ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​បាន​ដឹង ពី​ធាតុពិត​របស់​ភាគី​ម្នាក់​ទៀត ហើយ​ពួក​គេ​មិន​អាច​ចុះសម្រុង​ជា​មួយគ្នា​បាន​នោះ​មិនមែន​ជា​ការ​ជួបគ្នា ដោយ​និស្ស័យ​នោះ​ទេ តែ​វា​គ្រាន់តែ​ជា​ការ​ជួបមួយ​ដែល​ជួយ​បង្ហាញ​ពី​ធាតុពិត​របស់​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ។

ការ​ជួបគ្នា​ជួន​កាល​ជួប​តែ​មួយ​រយៈ ហើយ​ក៏​បែក​គ្នា​ទៅ​វិញ​ជា​ការ​ជួប​មួយ​ដែល​មិន​អាច​ឱ្យ​មនុស្ស​បាន​ស្គាល់​ពី​គ្នា​ច្បាស់​នោះ​ទេ។ ម្យ៉ាងទៀត​ការ​ជួប​ខ្លះ គឺ​ធ្វើ​ឱ្យ​មនុស្ស​បាន​សង​កម្មពៀរ​ចំពោះ​គ្នា ហើយ​ពេល​ដែល​ពួកគេ​បាន​សង​ឱ្យ​គ្នា​រួច​ហើយ​នោះ ពួក​គេ​ក៏​បែក​ផ្លូវ​គ្នា​ទៅ​វិញ លែង​ជួប​គ្នា​អស់​មួយ​ជីវិត​ក៏​មាន។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មាន​មនុស្ស​ជា​ច្រើន នៅ​តែ​ជឿថា គេ​បាន​ជួប​គ្នា ព្រោះ​តែ​និស្ស័យ​ នោះ​ក៏​ព្រោះតែ​គេ​បាន​ជួប​មនុស្ស​ដែល​គេ​ស្រឡាញ់ ហើយ​ម្នាក់​នោះ​ក៏​ស្រឡាញ់​គេ​វិញ​ដែរ ហាក់​ដូចជា បន្ទាត់​ស្រប​មួយ​មាន​គោល​ដៅ​ដូចគ្នា។ ចំណែក​អ្នក​ដែល​បាន​ជួប​គ្នា ​ហើយ​មនុស្សម្នាក់​ដែល​គេ​បាន​ជួបនោះ​តែង​តែ​ធ្វើ​ឱ្យ​គេ​យំ ពិបាក​ចិត្ត​រាល់​ថ្ងៃ នោះ​គេពិត​ជា​គិត​ថា ការជួប​គ្នា​នេះ គឺ​ដើម្បីតែ​ជម្រះ​កម្មពៀរ​ដែល​បាន​សាង​លើ​គ្នា​ជាតិ​មុន​តែ​ប៉ុណ្ណោះ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial