អត្ថបទអប់រំ៖ បុរសអ្នកចេះដឹង និងទារប្រាក់

ថ្ងៃមួយមានបុរសអ្នកចេះដឹងម្នាក់បានដើរឆ្លងកាត់ស្រុកមួយ។ ខណៈពេលដែលគាត់កំពុងដើរៗ ស្រាប់តែគាត់ប្រទះឃើញកាក់មួយជ្រុះនៅលើផ្លូវ។ គាត់ក៏រើសកាក់នោះឡើង ហើយគិតថាគាត់មិនត្រូវការកាក់នេះទេ ដូច្នេះគាត់នឹងអោយកាក់នេះទៅអ្នកដែលត្រូវការវា រឺអ្នកសុំទានជាដើម។ គាត់ក៏បន្តដំណើរទៅមុខទៀត ដើម្បីរកអ្នកដែលត្រូវកាក់នោះ ប៉ុន្តែដើរសព្វទឹកសព្វដីតាំងពីព្រឹកទាល់យប់នៅតែរកមិនឃើញអ្នកដែលត្រូវការកាក់នោះទៀត។ យប់ហើយគាត់ក៏រកកន្លែងសម្រាកយកកម្លាំង។

លុះព្រឹកឡើងគាត់ក៏ធ្វើដំណើរទៅភូមិដែលនៅជាប់នោះ ដើម្បីរកមើលថាតើអ្នកណាត្រូវការកាក់នេះ, គាត់នឹងប្រគល់អោយ។ ដើរទៅដល់ភូមិមួយ, គាត់ក៏ប្រទះឃើញមនុស្សមួយក្រុមកំពុងគំរាមសម្លុតអ្នកលក់ដូរតាមរទេះ និងអ្នកស្រុកយកលុយ។ បុរសអ្នកចេះដឹងនោះក៏ដើរទៅជិតមនុស្សមួយក្រុមនោះ ហើយសួរទៅកាន់ពួកគេថា, «ហេតុអ្វីបានជាពួកអ្នកគំរាមសម្លុតយកប្រាក់ពីពួកគេ?» បុរសមាឌធំម្នាក់ឆ្លើយឡើងថា, «វាជាថ្លៃការពារនៅតំបន់នេះ»។

លឺហើយបុរសអ្នកចេះដឹងនេះក៏ចាប់ដៃបុរសមាឌធំឡើង, ហើយអោយកាក់ដែលគាត់រើសបានទៅបុរសនោះ ដោយទឹកមុខញញឹម។ បុរសនោះឆ្ងល់ហើយក៏សួរទៅកាន់បុរសអ្នកចេះដឹងថា, «ហេតុអ្វីបានជាអ្នកអោយវាមកខ្ញុំ?»

បុរសអ្នកចេះដឹងឆ្លើយថា, «វាជាថ្លៃការពារដែលខ្ញុំឆ្លងកាត់ទីនេះ ហើយមើលទៅអ្នកដូចជាត្រូវការវាខ្លាំងណាស់។ ថ្វីអីកាក់នេះខ្ញុំរើសបានតាមផ្លូវ ហើយមានបំណងថាប្រគល់វាអោយទៅមនុស្សដែលត្រូវការ ព្រោះខ្ញុំមិនត្រូវការវាទេ, ហើយមនុស្សនៅទីនេះក៏ដូចជាមិនត្រូវការវាដែរ។ ពួកគេរស់នៅយ៉ាងមានក្តីសុខជាមួយអ្វីដែលពួកគេកំពុងមាន។ ពួកគេមិនចង់បានវាទេ បើទោះជាខ្ញុំអោយទៅពួកគេក៏ពួកគេមិនយកដែរ។ តែពេលនេះខ្ញុំរកឃើញមនុស្សដែលត្រូវការវាហើយនោះគឺជាអ្នក»។

មនុស្សមួយក្រុមនោះស្តាប់ហើយមានសេចក្តីអាម៉ាស់ក្នុងចិត្តខ្លាំងណាស់, បុរសមាឌធំក៏ដឹងកំហុសដែលដើរធ្វើបាបគំរាមសម្លុតអ្នកស្រុកយកប្រាក់បែបនេះ។

ន័យអប់រំ៖ មនុស្សយើងគួរតែរៀនចេះស្ងប់ស្កល់នូវអ្វីដែលខ្លួនមាន។ ហើយរស់នៅជាមួយនឹងក្តីសុខដែលកំពុងមាននៅចំពោះមុខ។ ពេលខ្លះមនុស្សដែលគ្មាននូវអ្វីដែលអ្នកមាន ប្រហែលជាមានក្តីសុខជាងអ្នក ព្រោះពួកគេចេះស្កប់ស្កល់ និងរក្សាអ្វីដែលពួកគេកំពុងមាន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial