ពេល​វេលា​គ្រាន់តែ​បញ្ជាក់​ថា យើង​ស្គាល់​គ្នា​យូរ​ប៉ុណ្ណា តែ​មិន​អាច​បញ្ជាក់​ថា យើង​ស្គាល់​គ្នាច្បាស់​ប៉ុណ្ណា​នោះ​ទេ!!!

ពេល​វេលា​បាន​បណ្តាល​ឱ្យ​មនុស្ស​បាន​ជួប​គ្នា ហើយ​ពេល​វេលា​អាច​បញ្ជាក់​បាន​ផង​ដែរ​ថា មនុស្ស​ពីរនាក់​នោះ​ស្គាល់​គ្នា​យូរ​ប៉ុណ្ណា។

ស្គាល់គ្នា​យូរ ឬ​ទើប​តែ​ស្គាល់​គ្នា វា​មិន​មែន​ជា​ហេតុផល​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា​មនុស្ស​ពីរនាក់ មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​នោះ​ទេ ព្រោះ​ថា ទោះបី​ជា​ស្គាល់​គ្នា​យូរ​ឆ្នាំ​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ពួក​គេ​តែង​តែ​នៅ​ឆ្ងាយ​ពី​គ្នា ​មិន​បាន​និយាយ ឬ​បង្ហាញ​ពី​សកម្មភាព​ផ្សេងៗ ចំពោះ​គ្នា នោះ​មាន​ន័យ​ថា គេ​ស្គាល់​គ្នា​យូរ​តែ​ពេល​ទេ តែ​បើ​ឱ្យ​ស្គាល់​គ្នា​ច្បាស់ មាន​ភាព​ស៊ីជម្រៅ​នោះ គឺ​គ្មាន​ទេ។

ស្គាល់​យូរ ឬ​ឆាប់​មិន​សំខាន់ សំខាន់​ការ​ស្គាល់​គ្នា​នោះ យើង​បាន​ស្គាល់​អ្វីខ្លះ​អំពី​គ្នា។ ជួន​កាល​ស្គាល់​គ្នា​យូរ​ឆ្នាំ តែ​បើ​មិន​បាន​ស្គាល់​គ្នា​ច្បាស់ វា​ងាយ​ណាស់ ក្នុង​ការ​បំភ្លេច តែ​បើ​ស្គាល់​គ្នា​ច្បាស់ មាន​អនុស្សាវរីយ៍​ល្អៗ​ជា​មួយ​គ្នា​ច្រើន ដឹង​ចិត្ត​គ្នា មាន​ភាព​សិ្នទ្ធស្នាល​ជា​មួយ​គ្នា ទោះ​ថ្ងៃក្រោយ​បែក​គ្នា​យ៉ាង​ណា ក៏​នៅ​រក្សា​ការ​ចងចាំ​បាន​ល្អ​ចំពោះ​គ្នា។

ស្គាល់​គ្នា​យូរ តែ​មិន​ស្គាល់​គ្នា​ច្បាស់ នោះ​ក៏​ព្រោះ​តែ​មនុស្ស​ម្នាក់ៗ មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា មិន​ខ្វល់​ក្នុង​ទំនាក់​ទំនង គេ​ចាត់​ទុក​ទំនាក់ទំនង​មួយ​នោះ​មិន​សូវ​សំខាន់។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial