រឿង​ពិត​របស់​នារី​ម្នាក់៖ ម្ដាយ​បង្ខំ​ឲ្យ​ខ្ញុំ​រៀបការ ជា​មួយ​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់

ម្ដាយ​ខ្ញុំ គឺ​ជា​មនុស្ស​ម្នាក់ ដែល​មិន​សូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​កូន​នោះ​ទេ មាន​ពេល​ខ្លះ សូម្បី​តែ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា​តែ​ជិតៗ​សោះ ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​គាត់​ដែរ។ ឪពុក​ខ្ញុំ​បាន​ស្លាប់ តាំង​ពី​ខ្ញុំ​មាន​អាយុ 3 ឆ្នាំ​ម្ល៉េះ។ នៅ​ពេល​​នេះ ខ្ញុំ​មាន​អាយុ 18 ឆ្នាំ​ហើយ ម្ដាយ​ខ្ញុំ​ក៏​ចាប់​ផ្ដល់​ចង់​ឲ្យ​ខ្ញុំ​មាន​គូស្រករ ព្រោះ​គាត់​ចាស់ៗ​អស់​ហើយ។

គាត់​ចង់​បាន​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​រៀបការ​ជា​មួយ​នឹង​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ទាល់​តែ​សោះ តែ​គាត់​ប្រាប់​ថា គេ​ជា​កូន​មិត្ត​ភក្ដិ​គាត់។ បុរស​ម្នាក់​នោះ មើល​ទៅ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់ គ្រាន់​តែ​ទៅ​ក្បែរ​គេ គឺ​ធំ​ក្លិន​បារី និង​មាន​ពុក​មាត់​គួរ​ឲ្យ​ខ្លាច​បំផុត។ ដូច្នេះ​ហើយ​ខ្ញុំ​ព្យាយាម​យ៉ាង​ដាច់​ខាត ដើម្បី​បដិសេធ​ជា​មួយ​នឹង​ម្ដាយ​ខ្ញុំ ដោយ​មិន​ព្រម​រៀបការ​ជា​មួយ​បុរស​ម្នាក់​នោះ​ជា​ដាច់​ខាត។

ដោយ​សារ​សម្ដី​ប្រកែក​តឹង​សរសៃ​ក​ខ្លាំង បាន​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង ហើយ​គាត់​ក៏​បាន​ទះ​ខ្ញុំ​មួយ​ដៃ​ចំថ្ពាល់​ខាង​ឆ្វេង។ មើល​ទៅ​មិន​អាច​ប្រកែក​បាន​ទៀត​ទេ ខ្ញុំ​ក៏​យល់​ព្រម​តាម​ការ​បង្ខំ​របស់​គាត់។

នៅ​ថ្ងៃ​ទីមួយ​នៃ​យប់​ផ្សំ​ដំណេក ខ្ញុំ​បាន​យំ​នៅ​ក្នុង​បន្ទប់ ហើយ​បុរស​ម្នាក់​បាន​ដើរ​ចូល​មក និង​សួរ​ខ្ញុំ​ថា “ហេតុ​អ្វី​បាន​ជា​យំ”? ពេល​នោះ​ខ្ញុំ​ឆ្លើយ​ទាំង​ទឹក​ភ្នែក​ថា “ព្រោះ​ខ្ញុំ​ស្អប់​លោក និង​ចង់​រៀប​ការ​ជា​មួយ​លោក​​ទេ, លោក​​ស្អុយ​បារី និង​មាន​ពុក​មាត់​គួរ​ឲ្យ​ខ្លាច…”។ បុរស​ម្នាក់​នោះ​បាន​តប​មក​ថា “ហេតុ​អ្វី​យល់​ព្រម​រៀបការ”?

ខ្ញុំ​បាន​ឆ្លើយ​ភ្លាម​ថា “ព្រោះ​ម្ដាយ​ខ្ញុំ​បង្ខំ”។ បុរស​ម្នាក់​នោះ​បាន​ឆ្លើយ​តប​វិញ​​ថា “តាម​ពិត​ទៅ​ខ្ញុំ​ក៏​មិន​ទាន់​គិត​ថា ចង់​រៀបការ​ដែរ ព្រោះ​ចង់​រស់​នៅ​ម្នាក់​ឯង​ជាង តែ​ម្ដាយ​របស់​នាង បាន​មក​អង្វរ​ខ្ញុំ…”។

គាត់​បាន​បន្ត​ទៀត​ថា “ណ្ហើយ​ចុះ! បើ​មិន​ពេញ​ចិត្ត​ខ្ញុំ​ក៏​មិន​អី​ដែរ យើង​រស់​នៅ​ជា​មួយ​គ្នា​ដូច​ជា​បង​ប្អូន​ ហើយ​មិន​បាច់​ធ្វើ​ដូច​ជា​ប្ដី​ប្រពន្ធ​ទេ”។

រំពេច​នោះ​ខ្ញុំ​ក៏​ឈប់​យំ ហើយ​គាត់​ក៏​យក​កន្ទេល​ទៅ​ក្រាល​លើ​ឥដ្ឋការ៉ូ និង​បាន​ដេក​លក់​ទៅ។ ហើយ​ខ្ញុំ​ក៏​ដេក​លើ​គ្រែ។

ព្រឹក​ឡើង​ខ្ញុំ​បាន​ឃើញ​បបរស និង​ពង​ទា​ចៀន​ជា​ស្រេច​នៅ​លើ​តុ ហើយ​ខ្ញុំ​ដឹង​ថា គាត់​ (បុរស​ម្នាក់​នោះ) គឺ​ជា​អ្នក​ចម្អិន និង​រៀប​ចំសម្រាប់​ខ្ញុំ ហើយ​គាត់​ក៏​បាន​ចេញ​ទៅ​ធ្វើ​ការ​ដែរ។ យើង​រស់​នៅ​បែប​នេះ អស់​រយៈ​ពេល ១ខែ ទើបខ្ញុំ​ដឹង​ថា គេ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​គោរព និង​ស្រឡាញ់​បំផុត។ គាត់​មិន​ដែល​ធ្វើ​បាប​ចិត្ត​ខ្ញុំ​សូម្បី​តែ​ម្ដង​ឡើយ។ ខ្ញុំ​បាន​ប្រាប់​ឲ្យ​គាត់​ឲ្យ​មក​គេង​លើ​គ្រែ​ជា​មួយ​ខ្ញុំ ហើយ​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​ចង់​រស់​នៅ​ជា​មួយ​គ្នា ជា​ប្ដី​ប្រពន្ធ​វិញ”។

គាត់​បាន​ញញឹម និង​ឱប​ខ្ញុំ ហើយ​យើង​ក៏​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​បំផុត។ ពេល​នេះ ទើប​ខ្ញុំ​ដឹង​ថា ទឹក​ចិត្ត​ម្ដាយ​ខ្ញុំ​ធំធេង​ប៉ុណ្ណា ហើយ​ខ្ញុំ​ក៏​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា កុំ​វាយ​តម្លៃ​មនុស្ស​ម្នាក់​ដោយ​សារ​តែ​រូប​រាង​ខាង​ក្រៅ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial