ផ្ញើជូនប៉ាដែលក្បត់ម៉ាក់

ខ្ញុំគ្រាន់តែជាក្មេងស្រីដែលមិនទាន់ដឹងអ្វីហៅថាអាពាហ៍ពិពាហ៍, ប៉ុន្តែខ្ញុំដឹងថាអាពាហ៍ពិពាហ៍អាចមិនមែនជារឿងងាយស្រួល។ ខ្ញុំមិនទាន់ដឹងច្បាស់អំពីវា ដោយសារតែខ្ញុំមិនទាន់រៀបការនៅឡើយ។ ជីវិតអាពាហ៍ពិពាហ៍ជារឿងស្មុគស្មាញ ហើយមានតែមនុស្សពីរនាក់តែប៉ុណ្ណោះដែលអាចយល់បាន។

តាំងពីតូចខ្ញុំធ្លាប់គិតថាគ្រប់យ៉ាងគឺមានភាពឥតខ្ចោះរបស់វា, ប៉ុន្តែការពិតគឺមិនមែនទេ។ ពេលដែលខ្ញុំនៅតូច, ខ្ញុំតែងគិតថាប៉ាម៉ាក់របស់ខ្ញុំស្រលាញ់គ្នាណាស់ ហើយពួកគាត់បង្កើតជាគ្រួសារដ៏ប្រពៃមួយជាមួយគ្នា។ ប៉ុន្តែថ្ងៃមួយ,​ ខ្ញុំបានប្រទះឃើញរឿងមួយដែលមិនគួរអោយចង់ឃើញ ហើយវាបានធ្វើអោយមានការផ្លាស់ប្តូរការគិតរបស់ខ្ញុំទាំងស្រុង។ ​ខ្ញុំគ្រាន់តែជាក្មេងស្រីតូចម្នាក់, ប៉ុន្តែអារម្មណ៍របស់ខ្ញុំទទួលដឹងយ៉ាងច្បាស់។ នោះគឺជាអ្វីដែលប៉ា និងម៉ាក់បានខិតខំប្រឹងប្រែងធ្វើរួមគ្នាកន្លងមក។ ប៉ាពិតជាសម្តែងបានល្អខ្លាំងណាស់។ ខ្ញុំពិតជាមិនដែលនឹកស្មានថាប៉ា ក្បត់ម៉ាក់ទាល់តែសោះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។

ដំបូងឡើង,​ ខ្ញុំពិតជាពិបាកជឿខ្លាំងណាស់ ហើយខ្ញុំក៏មិនចង់ជឿដែរថាពេញមួយជីវិតរបស់ខ្ញុំ អ្វីដែលប៉ា និងម៉ាក់ធ្វើគឺសុទ្ធតែបោកប្រាស់ទាំងអស់។ ស្នេហាដែលខ្ញុំធ្លាប់គិតស្រមៃចង់បាន និងចង់បានស្វាមីដែលមានចរឹតដូចប៉ា, ថ្ងៃនេះវាបានធ្វើអោយខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំមិនដឹងហេតុអ្វីបានជាទឹកភ្នែករបស់ខ្ញុំស្រក់។ អារម្មណ៍ខ្ញុំហេតុអ្វីបានជាឈឺចាប់ម្ល៉េះ? ខ្ញុំគ្រាន់តែជាកូន ប៉ុន្តែខ្ញុំទទួលអារម្មណ៍ឈឺចាប់បែបនេះទៅហើយ, ចុះទំរាំស្រីម្នាក់ដែលត្រូវជាម៉ាក់ខ្ញុំ តើគាត់ឈឺចាប់បែបណា? ច្រើនឆ្នាំមកនេះម៉ាក់ខំញញឹម និងធ្វើដូចជាគ្មានអ្វីកើតឡើង, តើប៉ាធ្លាប់ដឹងដែរទេថាស្រីម្នាក់នេះគាត់ឈឺចាប់ប៉ុណ្ណា? នៅចំពោះកូន, ប៉ាហៅម៉ាក់ថាជាប្រពន្ធសម្លាញ់ពេញៗមាត់ ប៉ុន្តែនៅក្រោយខ្នងកូន, ប៉ាចាត់ទុកម៉ាក់ដូចជាមនុស្សស្រីដទៃ។ ចំណែកនារីម្នាក់នោះ ប៉ាចាត់ទុកនាងដូចជាម្ចាស់ក្សត្រី។ ខ្ញុំពិតជាចង់អោយប៉ាប្រាប់ខ្ញុំតាមត្រង់ថា ប៉ាឈប់ស្រលាញ់ម៉ាក់ទៀតហើយៗ ចង់អោយប៉ាផ្តល់ហេតុផលសមរម្យមួយអោយមកកូន ជាជាងយកម៉ាក់មកធ្វើជាឧបករណ៍បែបនេះ។ វាដូចជាឃោឃៅពេកហើយសម្រាប់ម៉ាក់។ ទោះបីជាខ្ញុំពេលនេះមានអារម្មណ៍ថាខឹងប៉ា ហើយស្អប់ប៉ា ៥០% ក៏ខ្ញុំនៅតែចង់ស្តាប់ពាក្យពិត។ ខ្ញុំមិនដឹងអ្វីដែលនៅពីក្រោយខ្នង ដែលជំរុញអោយប៉ាធ្វើបែបនេះដាក់ម៉ាក់ទេ, ប៉ុន្តែហោចណាស់ក៏ខ្ញុំអាចដឹងថា ប៉ា និងម៉ាក់ខំព្យាយាមសម្តែងជាស្រលាញ់គ្នា ក៏ដោយសារតែមិនចង់អោយកូនៗមិនសប្បាយចិត្តដែរ។ តែក្នុងនាមជាកូន, ទោះបីជាឈឺចាប់នៅពេលដែលគ្រួសារបែកបាក់គ្នា ប៉ុន្តែក៏មិនចង់អោយម្តាយរងទុក្ខតែម្នាក់ឯងដែរ។ ខ្ញុំមិនធ្វើជាកូនដែលអត្មានិយមទេ។ បើម៉ាក់ឈឺ, ខ្ញុំក៏សុខឈឺចាប់ជាមួយម៉ាក់ដែរ។ ហើយក៏ព្រមដោះលែងអោយប៉ាមានសេរីភាព អាចរស់នៅជាមួយមនុស្សដែលប៉ាគិតថាអាចផ្តល់ក្តីសុខអោយប៉ាបានយ៉ាងពេញលេញ។ កូនៗមិនចង់ទទួលបានស្នាមញញឹមក្លែងក្លាយនោះទេ។

ជាចុងក្រោយ, កូនមានតែជូនពរអោយប៉ា និងនារីដែលប៉ាស្រលាញ់មានក្តីសុខ។ ចំពោះកូននឹងប៉ះប៉ូវពេលវេលាដែលម៉ាក់ឈឺចាប់កន្លងមក។ ហើយក៏សង្ឃឹមថាកូន និងមនុស្សស្រីទូទៅមិនជួបរឿងដូចជាម៉ាក់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial