អរគុណដែលធ្វើអោយខ្ញុំស្គាល់ខ្លួនឯងច្បាស់

មុនដំបូងខ្ញុំពិតជាខឹងនឹងអ្នកខ្លាំងណាស់ ដែលចាកចេញពីខ្ញុំ ទាំងដែលខ្ញុំស្រលាញ់អ្នកខ្លាំងយ៉ាងនេះ, ហើយក៏ស្អប់ខ្លួនឯងផងដែរ ដែលមិនអាចចងចិត្តមនុស្សដែលខ្លួនស្រលាញ់បាន។ ប៉ុន្តែក្រោយពីការយំអស់រយៈពេលយ៉ាងយូររួចហើយ, ខ្ញុំស្រាប់តែចង់អរគុណអ្នកទៅវិញ ដែលធ្វើអោយខ្ញុំរកឃើញខ្លួនឯង។ សម្រាប់រយៈពេលកន្លងមក, ខ្ញុំតែងតែចាត់ទុកអ្នកជាមនុស្សដែលសំខាន់បំផុត ហើយក៏ជាមនុស្សទី ១។ ខ្ញុំរវល់នឹងការរិះរកគ្រប់វិធីធ្វើអោយអ្នកសប្បាយ រហូតខ្ញុំភ្លេចចាប់អារម្មណ៍ថាខ្ញុំជាអ្វី និងអ្វីៗដែលទាក់ទងនឹងខ្ញុំ។ អារម្មណ៍មិនស្រួលនៅក្នុងចិត្ត និងឥរិយាបថមិនស្មោះត្រង់របស់អ្នក បានធ្វើអោយខ្ញុំកាន់តែខិតខំផ្គាប់ផ្គន់អ្នកថែមទៀត, ព្រោះខ្ញុំគិតថាប្រហែលមកពីខ្ញុំមិនទាន់ល្អគ្រប់គ្រាន់ បានជាអ្នកចេះលួចលាក់ខាងក្រៅ។

ប៉ុន្តែគ្រប់ពាក្យសំដីកុហកដោះសាររបស់អ្នក, បានធ្វើអោយខ្ញុំក្លាយជាមនុស្សរឹងមាំបន្តិចម្តងៗ។ ការអំនត់របស់ខ្ញុំកាន់តែស្តើងទៅៗ។ ស្នាមប្រេះនៅក្នុងចំណងស្នេហារបស់យើង ក៏ចាប់ផ្តើមក្លាយជាប្រហោងដ៏ធំ។ វាប្រៀបដូចជាឬសឈើដែលកំពុងចាកទៅលើបេតុងថ្មដ៏រឹងមាំ, ខ្ញុំអាចធ្វើចិត្តដើម្បីកាត់រូបអ្នកចេញក្នុងចិត្តខ្ញុំបានបន្តិចម្តងៗ។ រហូតមកដល់ពេលមួយ, ខ្ញុំក៏សម្រេចចិត្តថា ទោះបីជាអ្នកមិនចាកចេញពីខ្ញុំ ក៏ខ្ញុំចាកចេញពីអ្នកដែរ។

នៅពេលដែលខ្ញុំដើរចេញឆ្ងាយពីជីវិតអ្នកនៅថ្ងៃនោះ, ខ្ញុំមិនដឹងថាវានឹងប៉ះពាល់ដល់ជីវិតខ្ញុំខ្លាំងប៉ុណ្ណានោះទេ។ នៅពេលដែលខ្ញុំមានសេរីភាព លែងជំពាក់វាក់វិននឹងទំនងទំនងចូរចត់នោះហើយ, ខ្ញុំស្រាប់តែគិតឃើញថាលុយមិនអាចទិញពេលវេលាបានទេ, ហេតុអ្វីបានជាខ្ញុំខ្ជះខ្ជាយពេលវេលាទៅលើមនុស្សដែលមិនធ្លាប់ស្រលាញ់ខ្ញុំសោះ? ខ្ញុំអាចជាមនុស្សដែលអ្នកដទៃកំពុងស្វែងរក ប៉ុន្តែខ្ញុំរវល់តែជាប់គាំងជាមួយនឹងអ្នក, ដែលធ្វើអោយពេលវេលាទៅចោលខ្ញុំ ហើយមនុស្សដែលកំពុងត្រូវការខ្ញុំក៏ដើរហួស។

វាជាការពិតណាស់, បេះដូងរបស់ខ្ញុំពិតជាឈឺផ្សារ។ ចិត្តរបស់ខ្ញុំកំពុងលំបាក។ ដៃរបស់ខ្ញុំញ័រ។ ប៉ុន្តែខ្ញុំដឹងថាវាគ្រាន់តែជាអ្វីដែលកើតឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ។ បន្តិចទៀតអ្វីៗនឹងប្រសើរឡើង។

ដើម្បីបំភ្លេចរូបអ្នក ខ្ញុំចាប់ផ្តើមធ្វើរឿងដែលមិនធ្លាប់ធ្វើ។ ខ្ញុំព្យាយាមរិះរកវិធីដើម្បីបន្លប់អារម្មណ៍នឹក។ ក្រោយពេលធ្វើរឿងជាច្រើន ខ្ញុំក៏ប្រទះឃើញថាខ្ញុំបានស្គាល់ខ្លួនឯងច្បាស់ហើយៗ ក៏រកឃើញនូវចំណង់ចំណូលចិត្តខ្លួនឯងផងដែរ។ ខ្ញុំរកឃើញនូវអ្វីដែលធ្វើអោយខ្ញុំរីករាយពិតប្រាកដ។ ដោយសារតែនៅម្នាក់ឯងយូរ ហើយខ្ញុំរីករាយជាមួយនឹងជីវិតនៅម្នាក់ឯង, រីករាយជាមួយនឹងសេរីភាព រហូតគិតថាខ្ញុំប្រហែលជានៅម្នាក់ឯងបែបនេះជារៀងរហូត។ សេរីភាពក្នុងការសេពគប់មិត្តភក្តិ សេរីភាពក្នុងការដើរហើរ សេរីភាពក្នុងការសម្រេចចិត្ត និងសេរីភាពក្នុងសើច ពិតជាធ្វើអោយជីវិតរបស់ខ្ញុំស្រស់ស្រាយ ជាងស្នាមសើច ដែលបង្កប់នូវភាពឈឺផ្សារ និងលាក់បាំងអារម្មណ៍ភ័យខ្លាចបាត់បង់មនុស្សដែលមិនធ្លាប់ស្រលាញ់ខ្លួន។

ជាចុងក្រោយខ្ញុំគ្មានអ្វីនិយាយក្រៅតែពីពាក្យថា អរគុណដែលធ្វើអោយខ្ញុំក្លាយជាមនុស្សរឹងមាំ និងអាចរកខ្លួនឯងឃើញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial