Mata ថា​បើ​​គិត​ថា​ Man City ឈ្នះ​ពាន​​គឺ​ឆាប់​ពេក​ហើយ​

ខ្សែ​បម្រើ​ Juan Mata របស់​ក្រុម​បិសាច​ក្រហម​ Manchester United និយាយ​ថា​វិថី​ឆ្ពោះ​ទៅ​កាន់​ការ​លើក​ពាន​​គឺ​​នៅ​វែង​ឆ្ងាយ​ណាស់​ បើ​ទោះបី​ជា​ក្រុម​មេឃខៀវ​ Manchester City បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​​សម្រាប់​រដូវកាល​នេះ​។

Man City ឈ្នះ​ ១៤ និង​ស្មើ​មួយ​​​ពី​ ១៥ ប្រកួត​ក្នុង​លីក​កន្លង​មក​ និង​​កំពុង​ឈរ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League ដោយ​ការ​នាំ​មុខ​​ ៨ ពិន្ទុ​ទៅ​លើ​ Man Utd ដែល​ឈរ​​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ ។

ហើយ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​នេះ​ក្រុម​ដែល​មាន​​មូលដ្ឋាន​ក្នុង​ទីក្រុង​មេនឆេស្ទើ​ទាំង​ ២ នឹង​ត្រូវ​ប៉ះ​គ្នា​​ដែល​ជា​ជំនួប​នៃ​លីក​កំពូល​របស់​អង់គ្លេស​​នា​កីឡដ្ឋាន​ Old Trafford ខណៈ​ដែល​ Mata ​មើល​ឃើញ​ថា​ការ​ប្រកួត​នេះ​គឺ​ជា​ឱកាស​​ល្អ​មួយ​សម្រាប់​ Man Utd ក្នុង​កាត់​បន្ថយ​គម្លាត​ពិន្ទុ​របស់​ Man City ។

“ពួក​គេ​លេង​បាន​យ៉ាង​ល្អ​ និង​ឈ្នះ​​ជា​​ច្រើន​ប្រកួត​។” Mata បាន​​ថ្លែង​អំពី​ Man City ។ “ពួក​គេ​ស៊ុត​បញ្ចូល​ទី​បាន​ល្អ​​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​ក៏​​មិន​អន់​ប៉ុន្មាន​ដែរ​។ យើង​នឹង​​ព្យាយាម​ដើម្បី​បង្ហាញ​​ឲ្យ​ឃើញ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ថា​យើង​​អាច​​លេង​​បាល់​បាន​ល្អ​ និង​អាច​​ឆក់​យក​ ៣ ពិន្ទុ​។”

ខ្សែ​បម្រើ​អេស្ប៉ាញ​រូប​នេះ​បន្ថែម​ទៀត​ថា​ ៖ “វា​គឺ​ជា​ការ​ប្រកួត​ពិសេស​មួយ​​ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​​ ពី​ព្រោះ​ចំណាត់​ថ្នាក់​ដែល​យើង​ទាំង​ ២ កំពុង​ស្ថិត​នៅ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial