គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​​ប្រកាស​ផ្ដល់​ឱកាស​​ពិសេស​មួយ​ដល់​​ Zlatan

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic ​នឹង​ទទួល​បាន​ឱកាស​ពិសេស​មួយ​​ ក្រោយ​​​ពី​ជា​សះស្បើយ​ពី​របួស​ នោះ​គឺ​​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​រវាង​ក្រុម​​បិសាច​ក្រហម​ Manchester United និង​ក្រុម​មេឃ​ខៀវ​ Manchester City ។ លោក​ Jose Mourinho បាន​ថ្លែង​ដូចច្នេះ​។

ដោយសារ​បញ្ហា​របួស​ធ្វើ​ឲ្យ​ Ibrahimovic ​​​អវត្តមាន​ចំនួន​​ ២ ប្រកួត​​​ចុង​ក្រោយ​ឲ្យ​​ Man​ Utd ​ទី​មួយ​គឺ​ការ​ប្រកួត​ក្នុង​លីក​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ដែល​​ Man Utd បាន​ឈ្នះ​ ៣-១ និង​មួយ​ប្រកួត​ទៀត​​ពេល​ Man Utd ប្រកួត​ជាមួយ​ CSKA Moscow នៅ​ក្របខ័ណ្ឌ​ Champions League ។

ហើយ​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​រូប​នេះ​នៅ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​​ឲ្យ​ Man Utd សូម្បី​តែ​មួយ​គ្រាប់​នៅ​ឡើយ​ ចាប់​តាំង​ពី​វិល​ត្រលប់​ពី​​របួស​ជង្គង់​ធ្ងន់ធ្ងរ​រាប់​ខែ​មក​ ប៉ុន្តែ​អតីត​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​រូប​នេះ​អាច​​នឹង​ជា​សះ​ស្បើយ​ទាន់​ពេល​វេលា​​មុន​ពេល​ការ​ប្រកួត​សំខាន់​មក​ដល់​។

លោក​ Mourinho បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ៖ “ការ​ពិត​គឺ​ថា​ Eric Bailly នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​​ចុង​សប្តាហ៍​នេះ​ ខណៈ​ដែល​​ Phil Jones និង​ Marouane Fellaini ​ទទួល​បាន​ឱកាស​ចូល​លេង​វិញ​។​ ចំណែក​ Zlatan វិញ​មាន​ឱកាស​យ៉ាង​​ធំ​ធេង​​សម្រាប់​ការ​ប្រកួត​ជាមួយ​ Man City នេះ​។”

Man Utd នឹង​​​បំបែក​កំណត់ត្រា​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ដ្រ​ក្លិប​​ ប្រសិន​បើ​ពួក​គេ​អាច​ជៀស​ផុត​ពី​ការ​ផ្ដួល​របស់​ Man City នៅ​ទឹក​ដី​ Old Trafford បាន​ ខណៈ​ដែល​ពេល​នេះ​ពួក​គេ​បាន​​ឈាន​ដល់ ៤០ ប្រកួត​នៅ​ក្នុង​ផ្ទះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Mourinho ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial