Mourinho ថា​ក្រុម​ជា​ច្រើន​ប៉ង​កុំ​ឲ្យ​ជួប​ Man Utd នៅ​វគ្គ​ ១៦ ក្រុម​ UCL

លោក​ Jose Mourinho ថា​ក្រុម​ភាគ​ច្រើន​នឹង​មិន​សប្បាយ​ចិត្ត​ទេ​ ប្រសិន​បើ​​ពួក​គេ​ចាប់​ឆ្នោត​ប៉ះ​ជាមួយ​ក្រុម​បិសាច​ក្រហម​ Manchester United របស់​គាត់​នៅ​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Champions League ។

ក្រោយ​លត់​ក្រុម​របស់​រុស្ស៊ី​ CSKA Moscow ២-១ ក្នុង​ទឹក​ដី​របស់​ខ្លួន​រួច​​ធ្វើ​ឲ្យ​ Man Utd សង្គ្រោះ​កៅអី​វគ្គ​ ១៦ ក្រុម​បាន​ដោយ​ជោគជ័យ​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ ដែល​​កាល​នោះ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​ស្ថិត​ក្រោម​​ការ​ដឹកនាំ​​របស់​លោក​ David Moyes ។

ជ័យជម្នះ​នា​កីឡដ្ឋាន Old Trafford នេះ​ដែរ​ធ្វើ​ឲ្យ​ក្រុម​របស់​​លោក​ Mourinho បញ្ចប់​​ការ​ប្រកួត​នៃ​វគ្គ​ចែក​ពូល​ដោយ​ឈរ​លើ​កំពូល​តារាង​​នៃ​ពូល​ A ពី​លើ​ក្រុម​លេខ​ ២ Basel ចំនួន​ ១៥ ពិន្ទុ​។

“ខ្ញុំ​គិត​ថា​គ្មាន​បញ្ហា​​​នោះ​ទេ​សម្រាប់​យើង​ ​បើ​ទោះ​ជា​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ណា​ក៏​ដោយ​។” គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​មាន​ប្រសាសន៍​។ “ខ្ញុំ​មិន​មែន​ជា​បុរស​ដែល​សំណាង​បំផុត​​ជាមួយ​នឹង​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នោះ​ទេ​​ ដូច្នេះ​​​​​វា​ជា​រឿង​ប្រសើរ​ណាស់​​ដែល​ខ្ញុំ​គួរ​បំភ្លេច​វា​ចោល​ ព្រោះ​យើង​​នឹង​ប្រកួត​នៅ​ខែ​កុម្ភៈ​ឯណោះ​។ ហើយ​មុន​ពេល​ការ​ប្រកួត​​មក​ដល់​ គឺ​ខ្ញុំ​ត្រូវ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ប្រកួត​​នៅ​ក្របខ័ណ្ឌ​​អង់គ្លេស​។”

គាត់​បាន​បន្ថែម​ទៀត​ថា​ ៖ “ខ្ញុំ​គិត​ថា​ក្រុម​​ជា​ច្រើន​នឹង​មិន​សប្បាយ​ចិត្ត​​ក្នុង​ការ​លេង​ប្រឆាំង​ជាមួយ​ពួក​យើង​ទេ​​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial