រឿងលំបាកៗនៅក្នុងជីវិតដែលត្រូវទទួលយក- វាធ្វើអោយអ្នកក្លាយជាមនុស្សរឹងមាំ

ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានរឿងល្អ និងរឿងអាក្រក់ដើរដំណាលគ្នា។ ជួនខ្លះពេលវេលាដែលរីករាយគឺតិចជាងពេលវេលាទុក្ខសោក។ មនុស្សជាច្រើនបាននិយាយថា មិនមែនពេលវេលាតិចជាងពេលវេលាទុក្ខសោកនោះទេ ប៉ុន្តែមកពីមនុស្សយើងរវល់តែ ស្វែងរកភាពមិនពិតប្រាកដ និងគ្មាននៅលើលោកនេះ។ ពួកគេរវល់តែស្វែងរកភាពរីករាយក្លែងក្លាយ ដែលធ្វើអោយបិទបាំងភាពរីករាយមែនទែន។ ទំរាំដឹងថាភាពរីករាយនៅក្បែរខ្លួន ពេលវេលាទុក្ខសោកក៏មកដល់បាត់ទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ, អ្នកត្រូវតែចេះទទួលស្គាល់ និងរីករាយជាមួយនឹងជីវិតបច្ចុប្បន្ន។ ពេញចិត្តនៅអ្វីដែលអ្នកកំពុងមាន ប៉ុន្តែកុំភ្លេចប្រាប់ខ្លួនអ្នកនូវរឿងទាំងនេះ ព្រោះថាបើអ្នកមិនបានត្រៀមខ្លួននោះទេ ពេលដែលវាមកដល់ អ្នកនឹងមិនអាចទប់ជំហរខ្លួនឯងហើយ, អ្វីដែលពិសេសនោះចំណុចខាងក្រោមនេះគឺជួយធ្វើអោយអ្នករឹងមាំ៖

១. ប្រាប់ខ្លួនអ្នកថា «គ្រប់មនុស្សដែលស្រលាញ់នឹងស្លាប់នៅថ្ងៃណាមួយ, រួមទាំងខ្លួនអ្នកផងដែរ», វាគឺជាការពិតដែលមិនអាចគេចផុត។ ចូររីករាយជាមួយមនុស្សដែលអ្នកស្រលាញ់ ហើយក្តោបក្តាប់ពេលវេលាដែលអ្នកកំពុងមាននេះអោយជាប់ បង្កើតអនុស្សាវរីយ៍ល្អៗអោយបានច្រើន ព្រោះថ្ងៃណាមួយពេលដែលមនុស្សទាំងនោះទៅបាត់ អ្នកនឹងមិនស្តាយក្រោយ។

២. មានតែខ្លួនអ្នកទេ ដែលអាចធ្វើអោយជីវិតរបស់អ្នកមានន័យ
មានមនុស្សជាច្រើនកំពុងគិតថា ជីវិតខ្លួនឯងដូចជាខ្វះអ្វីម្យ៉ាង រឺរស់ដូចជាគ្មានន័យសោះ។ ការពិតទៅគ្មាននរណាម្នាក់ដែលអាចធ្វើអោយជីវិតរបស់អ្នកមានន័យ ជាងខ្លួនរបស់អ្នកនោះទេ។ អ្វីទាំងអស់កើតចេញការជ្រើសរើសដោយខ្លួនអ្នកផ្ទាល់, ហើយអ្នកត្រូវចងចាំថាកុំគិតទៅលើអ្វីដែលអ្នកគ្មាន និងអ្វីដែលចង់បាន, ចូរផ្តោតទៅលើអ្វីដែលអ្នកកំពុងមាន ហើយធ្វើវាអោយបានល្អ។

៣. ដៃគូល្អឥតខ្ចោះគឺគ្មានទេនៅលើលោកនេះ
គ្មានមនុស្សណាដែលល្អឥតខ្ចោះនោះទេ, ដូច្នេះក៏គ្មានដៃគូដែលល្អឥតខ្ចោះដែរ។ ហើយនេះជាអ្វីដែលអ្នកត្រូវតែដឹង ហើយវាជាការពិតមួយរយភាគរយ។ ភាពឥតខ្ចោះកើតចេញពីការគិតរបស់អ្នក, ប្រសិនបើអ្នកគិតថាមនុស្សម្នាក់នោះឥតខ្ចោះសម្រាប់អ្នក, នោះវាក៏នឹងក្លាយជាភាពឥតខ្ចោះ។ ប្រសិនបើអ្នកសំលឹងរកភាពមិនឥតខ្ចោះ នោះវាក៏នឹងលេចចេញនូវភាពមិនល្អឥតខ្ចោះ។ ដូច្នេះអ្នកគិតបែបណា, វានឹងចេញមកបែបនោះ។ នៅក្នុងចំណងស្នេហា, វាប្រៀបដូចជាផ្ទាំងគំនូរមួយដូច្នោះដែរ, ទាល់តែមានការផាត់ពណ៌ ទើបរូបចេញមកស្អាត។ វាក៏មិនខុសពីស្នេហាដែរ, ទាល់តែមនុស្សពីរនាក់បន្ថែម និងបន្ថយអោយគ្នាទើបស្រស់ស្អាត។

៤. នៅក្នុងជីវិតគ្មានអ្វីដែលឋិតឋេរនោះទេ
វាគឺជារឿងមួយដែលពិបាកទទួលយក, នៅពេលដែលអ្វីទាំងនោះមិនសមតាមបំណងរបស់អ្នក។ មានមនុស្សជាច្រើនខ្លោចផ្សានៅក្នុងចិត្ត ដោយសារតែពាក្យមិនឋិតឋេរនេះ។ ភាពរីករាយរបស់មនុស្សក៏មិនឋិតឋេរដែរ, វាអាចប្រែប្រួលត្រឹមតែ ១នាទី, ដូច្នេះអ្នកត្រូវប្រាប់ខ្លួនអ្នកថា មិនថាមានអ្វីកើតឡើងនោះទេ អ្នកត្រូវតែរស់នៅអោយបានល្អ ហើយទទួលយកការពិតដែលកើតមានឡើង។

៥. ជីវិតមនុស្សគ្មានភាពរ៉ូមែនទិចដូចក្នុងរឿងគ្រប់ពេលទេ
កុំស្វែងរកភាពរ៉ូមែនទិច, ផ្តោតទៅលើទង្វើនៃការស្រលាញ់។ មនុស្សខ្លះខ្វះភាពរ៉ូមែនទិច ប៉ុន្តែក៏មានក្តីស្រលាញ់ខ្លាំងណាស់ដែរ។

៦. រិះរកគំនិតថ្មីៗជាជាងត្អូញត្អែរនូវអ្វីដែលបានកើតឡើង
ការត្អូញត្អែរអំពីជីវិត, វាមិនអាចជួយអ្វីអ្នកបាននោះទេ។ ប្រសិនបើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហាណាមួយ, សូមយកវាមកគិត ហើយផ្លាស់ប្តូរទំលាប់ដែលអ្នកធ្លាប់បានធ្វើ ហើយព្យាយាមរិះរកវិធីដោះស្រាយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial