Suarez ៖ «ខ្ញុំ​ដឹង​ចិត្ត​ Neymar ថា​គាត់​នឹង​មិន​​ចុះ​ចូល​ជាមួយ​ Real Madrid ទេ​»

ខ្សែ​ប្រយុទ្ធ​ Luis Suarez របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona សារភាព​ថា​គាត់​មិន​ចង់​ឃើញ​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ គឺ​កីឡាករ​ Neymar ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​យក្សស​ Real Madrid ទេ។

Neymar បាន​​ចំណាយ​ពេល​ ៤ ឆ្នាំ​លេង​នៅ​កីឡដ្ឋាន​ Camp Nou របស់​ Barcelona មុន​ពេល​គាត់​បាន​បញ្ចប់​ការ​ផ្ទេរ​​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​ Paris Saint Germain កាល​ពី​ខែ​សីហា​ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២២២ លាន​អឺរ៉ូ​(២៦៤ លាន​ដុល្លារ​)។

ហើយ​មួយ​រយៈ​ក្រោយ​​នេះ​​​ Neymar ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ត្រលប់​មក​លីក​របស់​អេស្ប៉ាញ​វិញ​ ដោយ​ការ​ចុះ​ចូល​ជាមួយ​គូ​ប្រជែង​ធំ​របស់​ Barcelona គឺ​ក្រុម​យក្សស​ Real Madrid បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​មាន​ជម្លោះ​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្លួន​​គឺ​កីឡាករ​ Edison Cavani ។

“ទេ​! មិន​អាច​ទេ​។” Suarez បាន​ប្រាប់​កាសែត​អេស្ប៉ាញ​ Marca នៅ​ពេល​ត្រូវ​បាន​គេ​សួរ​​​ទាក់ទង​​ជាមួយ​ការ​រំពឹង​ទុក​​​នៃ​ការ​ផ្ទេរ​របស់​ Neymar ទៅ​​កាន់​ Real Madrid ។ “និយាយ​ដោយ​ស្មោះ​គឺ​ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ​។ ខ្ញុំ​ដឹង​​អំពី​ទំហំ​ចិត្ត​ និង​ការ​កោត​សរសើរ​ដែល​ Neymar មាន​ចំពោះ​ Barcelona និង​មិត្ត​រួម​ក្រុម​របស់​គាត់​។ ខ្ញុំ​មិន​គិត​ថា​​គាត់​នឹង​លេង​ឲ្យ​ Real Madrid នោះ​ទេ​។”

Neymar, Suarez និង​ Lionel Messi ម្ចាស់​ពាន​ Ballon d’Or ប្រាំ​សម័យ​កាល​បាន​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​​ប្រព័ន្ធ​ប្រយុទ្ធ​​ល្អ​គ្មាន​គូ​ប្រៀប​ ខណៈ​ដែល​ពួក​គេ​បាន​ឈ្នះ​ពាន​​លីក​កំពូល​របស់​អេស្ប៉ាញ​ La Liga ចំនួន​ ២ លើក​ និង​ Champions League មួយ​លើក​​ជាមួយ​គ្នា​នៅ​ Barcelona ​ក្នុង​រយៈ​ពេល​ ៣ រដូវកាល​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Indiatimes

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial