Pep សារភាព​ថា​ចង់​ឃើញ​ Pogba លេង​ប្រឆាំង​ Man City

លោក​ Pep Guardiola សារភាព​ថា​ប្រសិន​ជា​​អាច​ ​​គាត់​ចង់​ឲ្យ​​ Paul Pogba បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ ​សម្រាប់​​ជំនួប​​​នៃ​​លីក​កំពូល​របស់​អង់គ្លេស​​​រវាង​ក្រុម​បិសាច​ក្រហម​ Manchester United និង​ក្រុម​មេឃ​ខៀវ​​ Manchester City នា​ចុង​សប្ដាហ៍​នេះ​​ និង​ជឿ​ថា​ខ្សែ​បម្រើ​របស់​ Man Utd ដ៏​មាន​​ឥទ្ធិពល​រូប​នេះ​​នឹង​គ្មាន​បំណង​ធ្វើ​ឲ្យ​កីឡាករ​ណា​ម្នាក់​របស់​ Man City មាន​បញ្ហា​របួស​ឡើយ​។

Pogba ត្រូវ​បាន​ពិន័យ​កាត​ក្រហម​ ក្រោយ​​បង្ក​កំហុស​ទៅ​លើ​ខ្សែ​បម្រើ​ Hector Bellerin អំឡុង​ពេល​​ Man Utd លត់​ក្រុម​កាំភ្លើង​ធំ​ Arsenal ៣-១ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​ ខណៈ​ដែល​​កាត​ក្រហម​នេះ​នឹង​ធ្វើ​ឲ្យ​គាត់​ត្រូវ​​អវត្តមាន​ពី​ទីលាន​​ចំនួន​ ៣ ប្រកួត​​នៅ​ Premier League ។

ហើយ​ការ​ពិន័យ​ Pogba បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​ Man City មាន​ការ​ពេញ​ចិត្ត​​យ៉ាង​ពេញ​ទំហឹង​ បន្ទាប់​ពី​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​បាន​​ប្រាប់​ BBC ​ថា​គាត់​សង្ឃឹម​ថា​កីឡាករ​សំខាន់ៗ​​​​របស់​​ក្រុម​​ដែល​ប្រឆាំង​នឹង​​ Man Utd នឹង​មាន​មួយ​ចំនួន​​រង​របួស​។

“តើ​គាត់​បាន​និយាយ​ដូច្នោះ​ឬ​?​ សង្ឃឹម​ថា​កីឡាករ​របស់​យើង​មិន​មាន​នរណា​ម្នាក់​រង​របួស​ទៅ​ចុះ​។” Pep បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​។

“​ខ្ញុំ​ចង់​​ឃើញ​ Pogba លេង​ប្រឆាំង​ជាមួយ​យើង​​ បើ​សិន​ជា​អាច​ទៅ​រួច​ ព្រោះ​​ខ្ញុំ​ចង់​​លេង​ប្រឆាំង​​ក្រុម​ដែល​មាន​កីឡាករ​ល្អ​ៗ​ដើម្បី​មើល​ថា​តើ​យើង​អាច​ផ្ដួល​ពួក​គេ​បាន​ឬ​អត់​។” គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ថែម​។ “​ហើយ​ជា​ចុង​ក្រោយ​ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​មួយ​ប៉ុណ្ណោះ​។ ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​មិន​មាន​បំណង​ធ្វើ​ឲ្យ​កីឡាករ​ដទៃ​ទៀត​​រង​របួស​នោះ​ទេ​។”

ប្រែ​សម្រួល ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial