Ancelotti បង្ហើប​​ឲ្យ​ដឹង​ថា​សហព័ន្ធ​បាល់ទាត់​​អ៊ីតាលី​​បាន​ទាក់ទង​​គាត់​ឲ្យ​ដឹកនាំ​ជម្រើស​ជាតិ​

លោក​ Carlo Ancelotti បាន​​បង្ហើប​ឲ្យ​ដឹង​ថា​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី​ (FIGC) ធ្វើ​ការ​ទាក់ទង​​ឲ្យ​​​ឡើង​កាន់​​ជំនួស​​​​លោក​ Gian Piero Ventura ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ ប៉ុន្តែ​​អតីត​​គ្រូ​បង្វឹក​ក្រុម​​ Bayern Munich​ រូប​នេះ​​សារភាព​ថា​គាត់​ចាប់​​​អារម្មណ៍​​ជាមួយ​​ការងារ​ជា​គ្រូ​បង្វឹក​ក្លិប​ជាង​​។

បាល់ទាត់​របស់​អ៊ីតាលី​បាន​ធ្លាក់​ចូល​ស្ថានភាព​វឹកវរ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​ពួកគេ​បាន​​ខកខាន​ឱកាស​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ជា​​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៥៨ ក្រោយ​ប្រកួត​វគ្គ​ជម្រុះ​​ចុង​ក្រោយ​ចាញ់​ជម្រើស​ជាតិ​ស៊ុយអែត​។

​​ក្រោយ​បរាជ័យ​នេះ​រួច​ លោក​ Ventura ក៏​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​​បណ្ដេញ​ចេញ​ពី​តំណែង​ ហើយ​រហូត​មក​ទល់​​ពេល​នេះ​នៅ​មិន​ទាន់​រក​បាន​អ្នក​ជំនួស​តំណែង​មួយ​នេះ​​នៅ​ឡើយ​​ ខណៈ​ដែល​ Ancelotti គឺ​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព​​គ្រូ​បង្វឹក​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ទាក់ទង​ដើម្បី​​​ឲ្យ​ទៅ​​កាន់​តំណែងគ្រូ​បង្វឹក​​ដឹកនាំ​ជម្រើស​ជាតិ​អ៊ីតាលី​។

“សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី​បាន​ទាក់ទង​មក​ខ្ញុំ​ ហើយ​​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ខ្ញុំ​ដឹកនាំ​ជម្រើសជាតិ​។” Ancelotti បាន​ប្រាប់​​បុស្ដិ៍​ទូរទស្សន៍​ La Domenica Sportiva

“យ៉ាង​ក៏​ដោយ​​នោះ​នឹង​​ដូច​ជា​ការងារ​មួយ​ផ្សេង​ទៀត​។” បុរស​វ័យ​ ៥៨ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​។ “ធ្វើ​ការ​ជាមួយ​ជម្រើស​ជាតិ​គឺ​ខុស​ពី​ការ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ ខណៈ​ដែល​ខ្ញុំ​នៅ​តែ​រីករាយ​នឹង​ការ​ហ្វឹកហាត់​ និង​ការ​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ​។”

Ancelotti បាន​ទំនេរ​គ្មាន​ការងារ​ធ្វើ​ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​ Bayern Munich បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ចុង​ខែ​កញ្ញា​​​ ហើយ​គាត់​បាន​ប្រកាស​កាល​ពី​លើក​មុន​ថា​គាត់​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ​​​គ្រូបង្វឹក​បាល់ទាត់​វិញ​នៅ​រដូវកាល​ក្រោយ​ បើ​ទោះ​បី​ជា​មាន​ក្លិប​មួយ​ចំនួន​នៅ​អឺរ៉ុប​ព្យាយាម​ទាក់ទង​គាត់​ឲ្យ​ទៅ​ដឹកនាំ​ក្លិប​របស់​ពួក​គេ​ក៏​ដោយ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial