Sam ដាក់​គោលដៅ​​នាំ​ Everton ឡើង​​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​​ទ្វីប​អឺរ៉ុប​ និង FA Cup

គ្រូ​បង្វឹក​ថ្មី​របស់​​ក្រុម​ Everton គឺ​លោក​ Sam Allardyce បាន​ដាក់​គោលដៅ​សម្រាប់​ក្រុម​របស់​គាត់​​​ក្នុង​ការ​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Europa League និង​ FA Cup ឬ​ League Cup ។

បុរស​វ័យ​ ៦៣ ឆ្នាំ​​ដែល​ធ្លាប់​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បាន​ធ្វើ​សន្និសីទ​កាសែត​លើក​ដំបូង​របស់​គាត់​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ Everton កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ បន្ទាប់​ពី​​ការ​ចុះ​ហត្ថលេខា​​លើ​កុងត្រា​រយៈ​ពេល​ ១៨ ខែ​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។

“ខ្ញុំ​ចង់​ឃើញ​ក្លិប​​រីក​​លូតលាស់​ និង​រស់​នៅ​​​ជាមួយ​មហិច្ឆតា​ដែល​ពួក​គេ​មាន​។” លោក​ Allardyce បាន​មាន​ប្រសាសន៍​។ “ពួក​គេ​​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៧ កាល​ពី​ចប់​ការ​ប្រកួត​ក្នុង​លីក​រដូវកាល​មុន​ ហើយ​​វា​ជា​ការងារ​របស់​ខ្ញុំ​ក្នុង​ការ​នាំ​ពួកគេ​ត្រឡប់​មក​រក​គោលដៅ​​ត្រឹម​ត្រូវ​មួយ​ ហើយ​​ទទួល​បាន​​​កៅអី​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន Europa League​ និង​​​ FA Cup ឬ​ League Cup ។”

ពេល​នេះ​ Everton កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ១៣ ក្នុង​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League ហើយ​​នៅ​ថ្ងៃ​សៅរ៍​នេះ​ Everton នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​របស់​ពួក​គេ​ទទួល​ក្រុម​ Huddersfield ដើម្បី​បើក​​ការ​ប្រកួត​ក្នុង​លីក​ ខណៈ​ដែល​នេះ​នឹង​ក្លាយ​ជា​​ប្រកួត​ដំបូង​របស់​លោក​ Allardyce ក្នុង​នាម​ជា​គ្រូ​បង្វឹក​ Everton ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial