Wenger ​រំពឹង​ថា​ Mourinho នឹង​មិន​ចត​ឡាន​ក្រុង​ទេ​ ពេល​បិសាច​ក្រហម​មក​លេង​នៅ​ទឹក​ដី​កាំភ្លើង​ធំ​

លោក​ Arsene Wenger គ្រូ​បង្វឹក​របស់​ក្រុម​​កាំភ្លើងធំ​ Arsenal ជឿ​ថា​​លោក​ Jose Mourinho គ្រូ​បង្វឹក​របស់​ក្រុម​បិសាច​ក្រហម​ Manchester United នឹង​មិន​ប្រើ​ទម្រង់​ការពារ​​ច្រើន​ជាង​ប្រយុទ្ធ​ ឬ​​​ទម្រង់​ «ចត​ឡាន​ក្រុង»​ ឡើយ​ នៅ​ពេល​​ដែល​ក្រុម​ទាំង​ ២ ប៉ះ​គ្នា​ក្នុង​ជំនួប​លីក​កំពូល​របស់​អង់គ្លេស​នា​ថ្ងៃ​សៅរ៍​ខាង​មុខ​​នេះ​។

ថ្លែង​ទៅ​កាន់​អ្នក​យក​ពត៌មាន​ ក្រោយ​ចប់​ការ​ប្រកួត​ដែល​ Arsenal លត់​ Huddersfield Town ៥-០ កាល​ពី​ថ្ងៃ​​ពុធ​កន្លង​ទៅ​​ Wenger បុរស​វ័យ​ ៦៨ ឆ្នាំ​រូប​នេះ​​មិន​គិត​ថា​ Mourinho នឹង​ប្រើ​យុទ្ធសាស្ដ្រ​ចត​ឡាន​ក្រុង​ដូច​កាល​ពី​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​​បាន​ធ្វើ​​នៅ​ពេល​ប្រកួត​ក្រៅ​ទឹកដី​របស់​ខ្លួន​ប្រឆាំង​នឹង​គូ​ប្រកួត​​មួយ​ចំនួន​កន្លង​មក​នា​រដូវកាល​នេះ​ទេ​​ ពេល​ប៉ះ​គ្នា​ជាមួយ​ក្រុម​របស់​គាត់​។

“ទេ! ខ្ញុំ​មិន​រំពឹង​អ្វី​ធំ​ដុំ​​ពេក​នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​រំពឹង​ថា​យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្តារ​ស្ថានភាព​ឡើង​វិញ​ឥឡូវ​នេះ​។​” Wenger បាន​មាន​ប្រសាសន៍​។ “Man Utd គឺ​ជា​ក្រុម​ខ្លាំង​មួយ​​ ហើយ​ខ្ញុំ​រំពឹង​​ថា​យើង​​​អាច​ដោះស្រាយ​​បាន​នូវ​​បញ្ហា​ដែល​ពួក​គេ​នឹង​​ផ្ដល់​​មក​ឲ្យ​យើង​។ ពួក​គេ​នឹង​មិន​លេង​ការពារ​សុទ្ធ​ទេ​ គឺ​ពួក​គេ​នឹង​ធ្វើ​ការ​​ប្រយុទ្ធ​មក​លើ​​យើង​វិញ​ផង​ដែរ​។”

បុរស​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ថែម​ថា​ ៖ “វា​គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម​ Arsenal និង​ Man United នៅ​ក្នុង​ផ្ទះ​របស់​យើង​។​ ​ខ្ញុំ​គ្រាន់​តែ​ចង់​ផ្តោត​អារម្មណ៍​​ដើម្បី​​​រៀប​ចំ​ក្រុម​របស់​ខ្ញុំ​ឱ្យ​ល្អ​​ និង​ផ្តល់​ឱកាស​ដល់​ក្រុម​របស់​ខ្ញុំ​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​។ Man United កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​នា​ពេល​បច្ចុប្បន្ន​នេះ​ ចំណែក​យើង​ក៏​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​នា​ពេល​បច្ចុប្បន្ន​ ដូច្នេះ​​វា​​នឹង​ល្អ​មើល​មិន​ខាន​សម្រាប់​ការ​ប្រកួត​មួយ​នេះ​។”

សម្រាប់​ប្រាំ​ប្រកួត​នៃ​ជំនួប​ក្នុង​លីក​​​​​ប៉ះ​ជាមួយ​ Man Utd ​​កន្លង​មក​​​​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​គឺ​​ Arsenal បរាជ័យ​តែ​​ម្ដង​ប៉ុណ្ណោះ​​ ក្រៅ​ពី​នោះ​គឺ​ឈ្នះ​ ២ ដង​ និង​ស្មើ​ ២ ដង។​

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Yahoo Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial