Kaka បង្ហើប​ឲ្យ​ដឹង​ពី​មូល​ហេតុ​បដិសេធ​ការ​ចុះ​ចូល​ជាមួយ​ Man City

តារា​បាល់ទាត់​សញ្ចាតិ​ប្រេស៊ីល​ Kaka ត្រូវ​បាន​ក្រុម​មេឃ​ខៀវ​​ Manchester City ផ្ដល់​សំណើ​នូវ​ប្រាក់​ចំណូល​ដ៏​ខ្ពស់​​បំផុត​មួយ​ជា​ថ្នូរ​​នឹង​ការ​ដោះដូរ​​កាល​ពី​ឆ្នាំ​ ២០០៩ ប៉ុន្តែ​​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​គឺ​ថា​គាត់​បាន​សម្រេច​ស្នាក់នៅ​បន្ត​ជាមួយ​ក្រុម​ AC Milan មុន​ពេល​​សម្រេច​ចិត្ត​ផ្លាស់​ចុះ​ចូល​ជាមួយ​ក្រុម​យក្សស​ Real Madrid ។

ហើយ​ពេល​នេះ​ Kaka បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ចំណាប់​អារម្មណ៍​ដែល​ត្រូវ​បាន​ដាក់​​ដោយ​ Man City កាល​​នោះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​​។

អតីត​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​រូប​នេះ​បាន​ថ្លែង​ប្រាប់​កាសែត​ FourFourTwo ថា​ ៖ “ខ្ញុំ​អង្គុយ​នៅ​ផ្ទះ​ នៅ​ពេល​ដែល​​ឪពុក​របស់​ខ្ញុំ​​ទូរស័ព្ទ​​មក​។ ខ្ញុំ​នៅ​ចាំ​វា​​បាន​យ៉ាង​ច្បាស់​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ក្លិប​មួយ​នៅ​អង់គ្លេស​គឺ​ Manchester City បាន​ធ្វើ​ការ​ផ្ដល់​នូវ​សំណើ​យ៉ាង​ធំ​មួយ​មក​​កាន់​ AC Milan ដើម្បី​សុំ​ទិញ​រូប​ខ្ញុំ​។”

“គាត់​បន្ថែម​ថា​ AC Milan បាន​ត្រៀម​​​យល់​ព្រម​​ទទួល​យក​ការ​ដេញ​ថ្លៃ​នោះ​។ ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា​ Man City ចាប់​អារម្មណ៍​រូប​ខ្ញុំ​ គឺ​ទើប​តែ​ដឹង​នៅ​ពេល​​ដែល​ពួក​គេ​ធ្វើ​​ការ​ដាក់​សំណើ​ជា​ផ្លូវការ​មក​កាន់​​ក្លិប​ Milan​ ។ Man City មិន​បាន​និយាយ​ជាមួយ​ឪពុក​របស់​ខ្ញុំ​ដែល​ដើរ​តួ​ជា​ភ្នាក់ងារ​របស់​ខ្ញុំ​​ជា​មុន​ទេ​។” Kaka បន្ត​។

“កាល​ណោះ​វា​ហាក់​ដូចជា​​រឿង​ហេតុ​​​ដ៏​ថ្មី​ និង​គួរ​ឲ្យ​រំភើប​មួយ​ និង​​ក៏​ជា​ជំពូក​ថ្មី​មួយ​​ផង​ដែរ​សម្រាប់​ខ្ញុំ​​​… ហើយ​ស្ថានភាព​នា​ពេល​នោះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​​ច្របូក​​ច្របល់​ខ្លាំង​ណាស់​។” គាត់​បាន​បន្ថែម​។

យ៉ាង​ណា​មិញ​​នា​ពេល​នោះ​ Kaka ​​បាន​បដិសេធ​ការ​ចុះ​ចូល​ជាមួយ​ Man City ព្រោះ​​តែ​ភាព​មិន​ច្បាស់​លាស់​របស់​​គាត់​ទៅ​លើ​​ដំណើរ​ការ​នៃ​ការ​កសាង​ក្រុម​កីឡាករ​របស់​ Man City ហើយ​គាត់​ក៏​​​​​​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​ឲ្យ​ Real Madrid ដែល​ជា​ក្លិប​មួយ​ក្នុង​ក្ដី​សុបិន​របស់​ខ្លួន​។ “ទីបំផុត​​ ប៉ុន្មាន​ខែ​ក្រោយ​​​​មក​​​​ខ្ញុំ​​​ក៏​បាន​ចាក​ចេញ​ពី​ AC Milan ហើយ​ទៅ​ចុះ​ចូល​ជាមួយ​ Real Madrid ដើម្បី​ធ្វើ​ឲ្យ​សុបិន​របស់​ខ្ញុំ​ក្លាយ​ជា​ការ​ពិត​។ ​​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​តែង​ចង​ចាំ​វា​យ៉ាង​ច្បាស់​នៅ​ក្នុង​ខួរ​ក្បាល​ជានិច្ច​នា​ពេល​នោះ​គឺ​ ប្រសិន​ខ្ញុំ​ត្រូវ​ចាក​ចេញ​​​ពី​ AC Mila ក្លិប​បន្ទាប់​ដែល​ខ្ញុំ​នឹង​ទៅ​គឺ​ Real Madrid ។”

ពេល​នេះ​ Kaka មាន​វ័យ​ ៣៥ ឆ្នាំ​ទៅ​ហើយ​ និង​​ទើប​តែ​ផុត​កុងត្រា​​ជាមួយ​ក្រុម Orlando City ខណៈ​ដែល​​គាត់​កំពុង​ពិចារណា​ថា​តើ​​គួរ​បន្ត​អាជីព​របស់​ខ្លួន​ជាមួយ​ក្លិប​ណា​ផ្សេង​ ឬ​​ក៏​​ចូល​​និវត្តន៍​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial