លោក​តា​ Wenger លាន់​មាត់​សរសើរ​ Ozil ក្រោយ​ក្រុម​គាត់​​ឈ្នះ​ ៥-០ លើ​ Huddersfield

Mesut Ozil បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ អំឡុង​​ការ​ប្រកួត​ដែល​ក្រុម​កាំភ្លើង​ធំ​ Arsenal លត់​ក្រុម​ Huddersfield Town ដោយ​លទ្ធផល​ ៥-០ ក្នុង​ជំនួប​​លីក​កំពូល​របស់​អង់គ្លេស​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក​តា​ Arsene Wenger ដែល​និយាយ​ទាំង​អារម្មណ៍​ត្រេកអរ​ ក្រោយ​ក្រុម​​របស់​គាត់​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ត្រចះ​ត្រចង់​។

អំឡុង​ជ័យជម្នះ​​ដល់​ទៅ​​​ ៥ គ្រាប់​​ដែល​ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette ជា​អ្នក​ស៊ុត​គ្រាប់​បើក​ឆាក​មុន​គេ​នៅ​នាទី​​ទី​ ៣ ​នេះ​​គឺ​ Ozil ក៏​ជា​​អ្នក​សាង​គុណ​សម្បត្តិ​មួយ​រូប​ផង​ដែរ​ជាមួយ​នឹង​ការ​បំប៉ើង​សំណាញ់​ទី​បាន​មួយ​គ្រាប់​​ បន្ទាប់​ពី​គ្រាប់​ទី​ ៣ ដែល​ធ្វើ​បាន​សម្រេច​ដោយ​ Alexis Sanchez និង​មុន​ពេល​គ្រាប់​ទី​ ៥ ដែល​​ស៊ុត​​បាន​សម្រេច​ដោយ​​ Olivier Giroud ។

ហើយ​អនាគត​របស់​ Ozil នៅ​កីឡដ្ឋាន​ Emirates នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ​​ជាមួយ​នឹង​​កុងត្រា​​បច្ចុប្បន្ន​របស់​គាត់​ដែល​ត្រៀម​នឹង​បញ្ចប់​នា​ចុង​រដូវកាល​នេះ​។

“យើង​បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​ ប៉ុន្តែ​បន្ទាប់​មក​យើង​បាន​​វង្វេង​គោលដៅ​​ និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​វាយ​បក​មក​លើ​យើង​វិញ​។” Wenger បាន​ថ្លែង​ប្រាប់​ BBC Sport ក្រោយ​ចប់​ការ​ប្រកួត​។

គ្រូ​បង្វឹក​វ័យ​ ៦៨ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ “បន្ទាប់​មក​​យើង​ទទួល​បាន​​បាល់​បញ្ចូល​ទី​គ្រាប់​ទី​ ២ ហើយ​ភ្លាមៗ​នោះ​កីឡាករ​របស់​ពួក​យើង​​បាន​លេង​ដោយ​កាន់​តែ​មាន​សេរី​ភាព​​​ និង​​ពោរពេញ​ទៅ​ដោយ​​បច្ចេកទេស​… បន្ទាប់​មក​ទៀត​គឺ​​ Mesut Ozil ​បាន​បង្ហាញ​នូវ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​។”

ពេល​នេះ​ Arsenal កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ៤ ក្នុង​តារាង​ក្របខ័ណ្ឌ​ Premier League បន្ទាប់​ពី​ ១៤ ប្រកួត​របស់​ពួក​គេ​នៅ​ក្នុង​លីក​កន្លង​មក​គឺ​ពួក​គេ​ឈ្នះ​ ៩, ចាញ់​​ ៤ និង​ស្មើ​មួយ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial