គ្រូ​ Paris ព្រមាន​​ Di Maria ថា​មិន​ត្រូវ​​ទុក​​​ការ​​ចាក​ចេញ​ សំខាន់​ជាង​​ការ​​ជួយ​ក្លិប​ទេ​

លោក​ Unai Emery បាន​បញ្ជាក់​ថា​លោក​​ពេញ​ចិត្ត​ចំពោះ​អាកប្បកិរិយា​​របស់​ខ្សែ​បម្រើ​ Angel Di Maria បន្ទាប់​ពី​​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ​​អំឡុង​នាទី​ទី​​ ៧០ នៃ​ការ​ប្រកួត​ដែល​ក្រុម​ Paris Saint Germain លត់​ក្រុម​ Troyes ២-០ ។

Di Maria បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ នាក់​​របស់​លោក​ Emery ជា​ថ្មី​សម្រាប់​ការ​ប្រកួត​ជាមួយ Troyes កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ប៉ុន្តែ​ការ​ប្រកួត​នោះ​មិន​មាន​ការ​ស៊ុត​បញ្ចូល​ទី​ទេ​រហូត​ដល់​ Di Maria ត្រូវ​បាន​ប្ដូរ​​ចេញ​ ជំនួស​មក​វិញ​ដោយ​ Kylian Mbappe ទើប​កើត​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ដែល​ជា​ការ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ Neymar និង​ Edison Cavani ។

“Di Maria ខិត​ខំ​ហ្វឹកហាត់​រាល់​ថ្ងៃ​គឺ​ដើម្បី​ក្រុម​។” លោក​ Emery បាន​មាន​ប្រសាសន៍​។ “ពេល​​ខ្លះ​គាត់​លេង​បាន​ល្អ​ តែ​ប្រកួត​ខ្លះ​ទៀត​ក៏​លេង​មិន​បាន​ល្អ​។ ហើយ​យើង​នឹង​បន្ត​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​នូវ​ទំនុក​ចិត្ត​។”

“គាត់​ចាប់​ផ្ដើម​ការ​ប្រកួត​ជាមួយ​នឹង​ចំណង់​ និង​​កម្លាំង​ចិត្ត​។” គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​។ “​ហើយ​អាកប្បកិរិយា​របស់​គាត់​គឺ​ល្អ​មែន​ទែន​។​ ខ្ញុំ​ចង់​រក្សា​ស្មារតី​ល្អ​នៅ​ក្នុង​ក្រុម​ និង​ទទួល​យក​ការ​ប្រកួត​នីមួយៗ​។​”

ទន្ទឹម​នោះ​ដែរ​មាន​ពាក្យ​ចរចាម​អារ៉ាម​ថា​ Di Maria អតីត​ខ្សែ​បម្រើ​ស្លាប​​របស់​ក្រុម​យក្សស​ Real Madrid និង​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​​អាច​នឹង​ផ្លាស់​ចេញ​ពី​ Paris នៅ​ខែ​មករា​ខាង​មុខ​ បន្ទាប់​ពី​គាត់​មិន​សូវ​បាន​ចូល​លេង​​ ដោយសារ​​តែ​វត្តមាន​នៃ​ការ​​មក​ដល់​របស់​ Neymar និង​ Mbappe ។

ហើយ​ឆ្លើយ​តប​នឹង​ពាក្យ​ចរចាម​អារ៉ាម​ខាង​លើ​​គ្រូ​បង្វឹក​ PSG បាន​ឲ្យ​ដឹង​ថា​ ៖ “កីឡាករ​ទាំង​អស់​​ត្រូវ​តែ​គិត​អំពី​ Paris ។ យើង​មិន​អាច​និយាយ​អំពី​​ការ​​ដោះដូរ​​បាន​ទេ​ មុន​ពេល​​ដែល​យើង​នៅ​​មាន​ការ​ប្រកួត​ជា​ច្រើន​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​។​ យើង​ត្រូវ​តែ​គិត​អំពី​​ការងារ​ដែល​ត្រូវ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ និង​ការ​ផ្ដល់​ទំនុក​ចិត្ត​ទៅ​ឲ្យ​ក្លិប​​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial