Alves នឹង​មិន​​បញ្ឈប់​ការ​ចាក​ចេញ​​របស់​គាត់​​ត្រឹម​ Paris ឡើយ​

ខ្សែ​ការពារ​ Giorgio Chiellini របស់​ក្រុម​ Juventus បាន​ទស្សទាយ​ទុក​ជា​មុន​ថា​ Dani Alves នឹង​បន្ត​ចាក​ចេញ​ពី​ក្រុម​ Paris Saint-Germain ដូច​កាល​ដែល​គាត់​បាន​ធ្វើ​ដាក់​ក្រុម​អ្នក​មាន​បុណ្យ Barcelona និង​ Juventus ។

ក្រោយ​សម្រេច​ចិត្ត​ផ្លាស់​ចេញ​ពី​ Barcelona កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ទៅ​ចុះ​ចូល​ជាមួយ​ Juventus ជា​កន្លែង​ដែល​គាត់​បាន​ឈ្នះ​ពាន​នៃ​លីក​កំពូល​របស់​អ៊ីតាលី​ និង​​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Champions League មុន​ពេល​ផ្លាស់​បន្ត​ទៅ​កាន់​ក្រុម​ PSG របស់​បារាំង​​ជាមួយ​នឹង​កុងត្រា​រយៈ​ពេល​ ២ ឆ្នាំ​។

ហើយ​ Chiellini ជឿ​ជាក់​ថា​ Alves ដែល​បាន​ចំណាយ​ពេល​ ៨ ឆ្នាំ​លេង​នៅ​ Barcelona រូប​នេះ​នឹង​មិន​​បញ្ឈប់​ត្រឹម​ PSG នេះ​ទេ​ ព្រោះ​កីឡាករ​វ័យ​ ៣៤ ឆ្នាំ​រូប​នេះ​​តែង​តែ​ត្រូវ​ការ​​នូវ​ការ​ប្រកួត​ប្រជែង​ដែល​ថ្មីៗ​សម្រាប់​គាត់​​ជានិច្ច​។

“ខ្ញុំ​គិត​​ថា​ Alves នឹង​ចាក​ចេញ​ពី​ PSG ព្រោះ​គាត់​តែង​តែ​ត្រូវ​ការ​ការ​ប្រកួត​ប្រជែង​ដែល​ថ្មី​ជា​និច្ច​។” Chiellini បាន​ប្រាប់​​បុស្តិ៍​​ទូរទស្សន៍​របស់​អ៊ីតាលី​ Mediaset Premium ។ “នៅ​ Juventus មាន​ការ​គោរព​ច្រើន​​ណាស់​ចំពោះ​គាត់​ ខណៈ​ដែល​គាត់​បាន​បន្សល់​ទុក​នូវ​​ការ​ចង​ចាំ​ល្អៗ​ជា​ច្រើន​។”

ដោយ​ឡែក​ឆ្លើយ​តប​នឹង​ការ​ចាក​ចេញ​នេះ​ដែរ​ Alves បាន​ថ្លែង​ប្រាប់​ Sky Sports នៅ​​អ៊ីតាលី​​​​ទាំង​អារម្មណ៍​រីករាយ​​ថា​ ៖ “ខ្ញុំ​ចាក​ចេញ​ពី​ Juventus ក៏​ព្រោះ​តែ​ខ្ញុំ​លែង​មាន​អារម្មណ៍​សប្បាយ​រីករាយ​​ជាមួយ​ខ្លួន​ឯង​ ហើយ​​ពួក​គេ​គួរ​ណា​តែ​យក​គម្រូ​តាម​ Napoli ។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial