គ្រូ​ Man City ជឿ​​​​ថា​ Silva នឹង​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ដោយ​ការ​តកុងត្រា​បន្ថែម​

លោក​ Pep Guardiola និយាយ​ថា​​គាត់​នឹង​សប្បាយ​ចិត្ត​​យ៉ាង​​ខ្លាំង​ នៅ​ពេល​ណា​ដែល​​ David Silva យល់​ព្រម​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​បន្ថែម​ជាមួយ​ក្រុម​មេឃ​ខៀវ​ Manchester City ។

Silva បាន​ស្ថិត​ក្នុង​កិច្ច​ចរចារ​ទាក់ទង​នឹង​​ការ​បន្ត​កុងត្រា​នៅ​កីឡដ្ឋាន​ Etihad ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ត្រៀម​នឹង​បញ្ចប់​​នៅ​ចុង​រដូវកាល​ក្រោយ​​ បន្ទាប់​ពី​គាត់​បាន​ចុះ​ចូល​​ជាមួយ​ Man City ពី​ Valencia កាល​ពី​ឆ្នាំ​ ២០១០ ។

ហើយ​ខ្សែបម្រើ​​អេស្ប៉ាញ​រូប​នេះ​បាន​ថ្លែង​កាល​ពី​ខែ​មុន​ថា​​គាត់​មាន​បំណង​​ចង់​លេង​​យូរ​​ឆ្នាំ​​​នៅ​ក្លិប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មែនឆេស្ទើ​មួយ​នេះ​ និង​ដើម្បី​សម្រេច​​នូវ​មហិច្ឆតា​ក្នុង​ការ​ឈ្នះ​ពាន​ Champions League ជាមួយ​ក្លិប​​ថែម​ទៀត​ផង​​។

យ៉ាង​ណា​មិញ​​មក​ទល់​នឹង​ពេល​នេះ​ពុំ​ទាន់​មាន​អ្វី​ថ្មី​នៅ​ឡើយ​ទាក់ទង​នឹង​ស្ថានភាព​របស់​ Silva ប៉ុន្តែ​ Pep បាន​ប្ដេជ្ញា​ចិត្ត​រួច​ជា​ស្រេច​ក្នុង​ការ​រក្សា​ទុក​​កីឡាករ​ដែល​​ស្មើ​នឹង​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​គាត់​​រូប​នេះ​ទុក​។

“ខ្ញុំ​សង្ឃឹម​ថា​ Silva នឹង​បន្ត​ស្នាក់​នៅ​ទីនេះ​​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​។” Pep បាន​មាន​ប្រសាសន៍​។ “គាត់​នឹង​ក្លាយ​ជា​បុគ្គល​សំខាន់​ ជា​ពិសេស​គឺ​ក្នុង​ស្ថានភាព​​​មិន​​ល្អ​​។ ខ្ញុំ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​របៀប​​ដែល​កីឡាករ​​លេង​នៅ​ក្នុង​ស្ថានភាព​​មិន​ល្អ​​។”

“គាត់​នឹង​តែង​តែ​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ ហើយ​វា​គឺ​ជា​រឿង​សំខាន់​ណាស់​។ យើង​ត្រូវ​ការ​ជា​​យូរ​មក​ហើយ​នូវ​កីឡាករ​ដែល​អាច​លេង​ក្នុង​ស្ថានភាព​អាក្រក់​បាន​។” គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បន្ថែម​។ “​ពេល​ណា​​គាត់​អាច​បញ្ចប់​ការ​ចុះ​ហត្ថលេខា​​លើ​កុងត្រា​ថ្មី​ នោះ​គឺ​ជា​ពេល​ដែល​យើង​នឹង​រីករាយ​​យ៉ាង​ខ្លាំង​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial