រឿងអប់រំ៖ បុរសខ្វាក់កាន់ចង្កៀង

មានបុរសចំណាស់ម្នាក់រស់នៅតែម្នាក់ឯង ក្នុងភូមិដាច់ស្រយាលមួយ។ គាត់ជាមនុស្សពិការភ្នែក, ប៉ុន្តែរាល់ពេលដែលគាត់ដើរទៅណាមកណានៅពេលយប់ គាត់តែងតែកាន់ចង្កៀងបំភ្លឺផ្លូវតាមខ្លួនជានិច្ច។

មានយប់មួយនោះ, គាត់ត្រលប់មកផ្ទះមិត្តភក្តិរបស់គាត់ដែលនៅចុងភូមិ។ គាត់ក៏បានដើរកាត់ក្មេងស្ទាវមួយក្រុម។ ពួកក្មេងៗទាំងនោះដឹងថាគាត់ជាមនុស្សពិការភ្នែក, ប៉ុន្តែគាត់កាន់ចង្កៀងបំភ្លឺផ្លូវ។ ពួកគេក៏នាំគ្នានិយាយបែបសើចចំអកអោយគាត់ថា, «តា! តាឯងពិការភ្នែកមើលមិនឃើញផ្លូវផង, កាន់ចង្កៀងធ្វើអី?»

តាពិការភ្នែកតបទៅក្មេងៗទាំងនោះវិញថា, «ពិតមែនហើយចៅ! តាជាមនុស្សពិការភ្នែក, តាមើលមិនឃើញអ្វីទាំងអស់, ដូច្នេះហើយបានជាតាកាន់ចង្កៀងបំភ្លឺផ្លូវ ព្រោះខ្លាចពួកចៅៗមើលតាមិនឃើញ ហើយដើរបុកតាដួលហ្នឹងណាចៅ»។

ក្រុមក្មេងៗទាំងនោះភ្ញាក់ខ្លួន ហើយសុំទោសតា នូវពាក្យសំដីមិនសមរម្យ។

គំនិតអប់រំ៖ យើងគួរតែគិតមុននឹងធ្វើការវិនិច្ឆ័យអ្នកដទៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial