ដឹង​ថា​ Messi និយាយ​អី​ខ្លះ​​​អត់​ បន្ទាប់​ពី​មិន​ត្រូវ​បាន​អាជ្ញា​កណ្ដាល​ផ្ដល់​បាល់​បញ្ចូល​ទី​!!!

គ្រាប់​បាល់​បញ្ចូល​ទី​របស់​ Lionel Messi នៅ​ឯ​កីឡដ្ឋាន​ Mestalla កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​​ដែល​​​ត្រូវ​បាន​អាជ្ញា​កណ្ដាល​​​កាត់​​សេចក្ដី​​​ថា​អត់​ចូល​នោះ​នៅ​តែ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​​ក្នុង​​បាល់ទាត់​អេស្ប៉ាញ​។

ហេតុការណ៍​នោះ​បាន​កើត​ឡើង​អំឡុង​ការ​ប្រកួត​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​រវាង​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona និង​ក្រុម​ Valencia ខណៈ​ដែល​ការ​ប្រកួត​បាន​បញ្ចប់​ដោយ​លទ្ធផល​ ១ ស្មើ​។

ហើយ​អំឡុង​ការ​ប្រកួត​នោះ​ដែរ​ Messi បាន​ស៊ុត​បាល់​បញ្ចូល​​ទៅ​ក្នុង​សំណាញ់​ទី​របស់​ Valencia បាន​បន្ដិច​ទៅ​ហើយ​ មុន​ពេល​អ្នកចាំ​ទី​​​របស់​ Valencia ទះ​បាល់​ចេញ​មក​វិញ​​ និង​ត្រូវ​បាន​អាជ្ញា​កណ្ដាល​មិន​ផ្ដល់​បាល់​បញ្ចូល​ទី​ទៅ​ឲ្យ​​​ក្រុម​ Barcelona ខណៈ​ដែល​ Messi និង​មិត្ត​រួម​ក្រុម​របស់​គាត់​បាន​តវ៉ា​យ៉ាង​ខ្លាំង​ជាមួយ​អាជ្ញា​កណ្ដាល​។

ពេល​នេះ​របាយការណ៍​ពី​អេស្ប៉ាញ​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ Messi បាន​និយាយ​ទៅ​កាន់​​អាជ្ញាកណ្ដាល​​ បន្ទាប់​ពី​មិន​ផ្ដល់​បាល់​បញ្ចូល​ទី​មក​ឲ្យ​គាត់​។

“លោក​​​ធ្វើ​ខុស​ហើយ​ ពេល​នេះ​​លោក​នឹង​​ឃើញ​វា​។” នេះ​ជា​សម្ដី​របស់​ Messi ដែល​បាន​​និយាយ​​ទៅ​កាន់​អាជ្ញា​កណ្ដាល​​​លោក​ Ignacio Iglesias និង​ជំនួយ​ការ​របស់​គាត់​គឺ​លោក​ Enrique Ramos ខណៈ​ដែល​ពាក្យ​សម្ដី​របស់​គាត់​ត្រូវ​បាន​ថត​ជាប់​ដោយ​ម៉ាក្រូ​ហ្វូន​ដែល​ដាក់​នៅ​ក្រៅ​ទីលាន​ប្រកួត​។

ពេល​នោះ​ដែរ​​​លោក​ Ramos បាន​តប​វិញ​ថា​ ៖ “គ្រាប់​បាល់​នោះ​គឺ​វា​មិន​ច្បាស់​ទេ​។​ ពេល​ណា​ខ្ញុំ​​មិន​ប្រាកដ​ គឺ​មិន​អាច​ផ្ដល់​គ្រាប់​បញ្ចូល​ទី​ឲ្យ​លោក​បាន​​ទេ​។”

នេះ​គឺ​ជា​កំហុស​មួយ​របស់​លីក​កំពូល​អេស្ប៉ាញ​​ដោយសារ​​មិន​ប្រើ​​បច្ចេកវិទ្យា​ចាប់​គ្រាប់​បាល់​ ឬ ​Goal Line ប៉ុន្តែ​ប្រធាន​​នៃ​លីក​​មួយ​នេះ​បាន​ប្រកាស​ហើយ​ថា​រដូវកាល​ក្រោយ​​​ពួក​គេ​នឹង​បំពាក់​បច្ចេកវិទ្យា​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្ដាល​(VAR) ដើម្បី​បញ្ចៀស​​កុំ​ឲ្យ​កើត​មាន​បញ្ហា​ទាំង​នេះ​តទៅ​ទៀត​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Mirror

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial