ទស្សនៈ​សង្គម៖ “អាន​ខ្លួន​ឯង​ឱ្យ​យល់​សិន ចាំ​អាន​អ្នក​ដទៃ​តាម​ក្រោយ” តើ​មាន​ន័យ​យ៉ាង​ណា?

ជា​ការ​ពិត ធម្មជាតិ​នៃ​មនុស្ស​ភាគ​ច្រើន តែង​តែ​មើល​ទៅ​អ្នក​ដទៃ ដោយ​ឃើញ​ពី​ភាព​អវិជ្ជមាន​របស់​គេ​ជា​និច្ច។ ប៉ុន្តែ​សម្រាប់​ខ្លួន​ឯង​វិញ មិន​សូវ​មើល​ឃើញ​ពី​កំហុស ឬ​ភាព​ខ្វះខាត​របស់​ខ្លួន​នោះ​ទេ។

ហេតុនេះ​ហើយ ទើប​មាន​ទស្សនៈ​សង្គម​មួយ​លើក​ឡើង​ថា “អាន​ខ្លួន​ឯង​ឱ្យ​យល់​សិន  ចាំ​អាន​អ្នក​ដទៃ​តាម​ក្រោយ”។

តាមរយៈ​ឃ្លា​នេះ​ផង​ដែរ គឺ​ចង់​បង្ហាញ​ឱ្យ​ជន​ទាំងឡាយ​ដឹង​ថា ការ​អាន​ខ្លួន​ឯង​ឱ្យ​យល់ ​មាន​ន័យ​ថា គឺ​គប្បី​ត្រូវ​មើល ឬ​ស្វែងរក​ពី​ភាព​អវិជ្ជមាន​របស់​ខ្លួន​ឱ្យ​ឃើញ​ជា​មុន​សិន ត្រូវ​ត្រឹមត្រូវ ឬ​ល្អ​សព្វ​គ្រប់​ហើយ ឬ​នៅ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​ចំណុច​ដែល​ត្រូវ​អាន​ពី​ខ្លួន​ឯង​ច្រើន​ណាស់ ហើយ​ទំព័រ​នៃ​ជីវិត​នោះ ក៏​មាន​ច្រើន​ទៀត​ជួនកាល​ក៏​អាន​ទៅ​មិន​សព្វ​នៅ​ខ្វះ​ចន្លោះ​ដោយ​មិន​អាច​ប្រកែក​បាន។

ស្រប​ជា​មួយគ្នា​នេះ​ដែរ បើ​សិន​ជា​មិន​ទាន់​អាន យល់ ឬ​រក​ពី​ភាព​ខ្វះខាត​របស់​ខ្លួន​ឃើញ​នោះ​ទេ បុគ្គល​ទាំង​ឡាយ​គួរ​កុំ​យក​ពេល​វេលា​ទៅ​អាន​ទំព័រ​ជីវិត​របស់​អ្នក​ដទៃ​អី ព្រោះ​ថា​ខ្លួន​មិន​ទាន់​យល់​ពី​ខ្លួនឯង​ច្បាស់​ហើយ​ទៅ​អាន​ពី​ជីវិត​អ្នក​ដទៃ​ទៀត​នោះ គឺ​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​ខ្មាស​អៀន​បំផុត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial