ទស្សនៈ​ពិភពលោក៖ រៀន​លះ​បង់ រៀន​ដោះលែង​ទើប​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​សេរីភាព និង​មាន​ក្តីសុខ!!!

ជា​ការ​ពិត​ណាស់​ ការ​ចង​ខ្លួន​ឯង​ជា​មួយ​បញ្ហា គឺ​ជា​រឿង​ល្ងង់​ខ្លៅ​បំផុត ព្រោះ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ឈឺ​ចាប់​ពិបាក​ចិត្ត​វេទនា ដោយ​សារ​តែ​ការ​ឃាត់​ឃាំង​កប់​ខ្លួន​ឯង ក្នុង​ភាព​សោកសៅ។ ហេតុ​នេះ​ទស្សនៈ​ពិភព​លោក​យល់​ថា ត្រូវ​ចេះ​រៀន​លះ​បង់ រៀន​ដោះ​លែង​ទើប​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​សេរីភាព និង​មាន​ក្តីសុខ។

តាម​រយៈ​ការ​យល់​ឃើញ​បែប​នេះ​ដែរ គឺ​ចង់​ឱ្យ​យើង​ធ្វើ​ជា​មនុស្ស​ដែល​ចេះ​កាត់​នូវ​អ្វីៗ​ដែល​ជា​ភាព​ស្មុគស្មាញ ភាព​លំបាក ភាព​តាន​តឹង ឬ​បញ្ហា​ឱ្យ​ចេញ​ពី​ចិត្ត ដោយ​យើង​ចេះ​ធ្វើ​ចិត្ត កុំតោង​ទាម កុំ​ទាម​ទារ​ច្រើន​ពេក ទើប​ធ្វើ​ឱ្យ​ខ្លួន​មាន​ក្តីសុខ។

បើ​និយាយ​ពី​បញ្ហា​ពេល​ខ្លះ បើ​អាច​លះបង់​អ្វីមួយ​ហើយ​ធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត​ជាង​ទុក វា​នៅ​អ្នក​គួរ​តែ​លះបង់។ រឿង​ខ្លះ​ដែល​យើង​ប្រកាន់​ភាព​គុំគួន​គួរ​តែ​អត់​ឱន​ដោយ​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ធ្វើ​ឱ្យ​ជីវិត​មាន​ក្តីសុខ។ លើស​ពី​នេះ​ទៀត​នោះ ​របស់​ខ្លះ​យើង​ប្រកាន់​វា​ទុក​ពេក​វា​ធ្វើ​ឱ្យ​យើង​លំបាក​ចិត្ត ព្រោះ​តែ​របស់​នោះ​មិន​មែន​ជា​របស់​យើង ឬ​មិន​សម​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ច្រណែន។ រៀន​ដោះ​លែង​ខ្លះ ធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត លែង​ចង​កម្មពៀរ​នឹង​គ្នា រៀន​លះបង់​ធ្វើ​ឱ្យ​យើង​ចេះ​រំដោះ​ភាព​លំបាក​ចេញ​ពី​ចិត្ត​បាន​ខ្លះ ហើយ​ក៏​ធ្វើ​ឱ្យ​មាន​សេរីភាព សម្រាប់​ខ្លួន​ឯង។ ឈប់​ព្យាយាម​ចង​ខ្លួន​ឯង ក្នុង​ភាព​ឆោត​ល្ងង់​តទៅ​ទៀត ព្រោះ​ធ្វើ​ឱ្យ​ខ្លួន​មាន​តែ​ភាព​សៅហ្មង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial