អរគុណដែលបន្សល់ស្លាកស្នាមដែល គ្មានអ្នកមើលឃើញមួយនេះដល់ខ្ញុំ

វាស្ទើរតែមិនគួរអោយជឿ ដែលស្នាមដំបៅមួយនេះហាក់ដូចជាមិនជាសះស្បើយសោះ, ថ្វីត្បិតបើវាកន្លងផុតទៅយ៉ាងក្រាសក្រែលណាស់ទៅហើយ។ និយាយស្មោះត្រង់ទៅ, ខ្ញុំពិតជាខំប្រឹងខ្លាំងណាស់ក្នុងការបំភ្លេចរឿងរ៉ាវអាក្រក់ៗទាំងឡាយ ដែលធ្លាប់កើតមានឡើងចំពោះជីវិតខ្ញុំ។ រឿងខ្លះៗក៏អាចបំភ្លេចបាន ទោះបីរឿងខ្លះបំភ្លេចមិនបាន ក៏វាមិនសូវឈឺផ្សារខ្លាំងដូចរឿងមួយនេះដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃកន្លងផុតបន្តិចម្តងៗ រហូតក្លាយជាឆ្នាំ… ប៉ុន្តែដំបៅមួយនេះនៅតែចាក់ដោតក្នុងចិត្តខ្ញុំរៀងរាល់ថ្ងៃ។ សភាពខាងក្រៅរបស់ខ្ញុំ គ្មាននរណាម្នាក់អាចកត់សម្គាល់ឃើញនូវភាពឈឺផ្សាររបស់ខ្ញុំទេ ព្រោះថាខ្ញុំបីដូចជារឹងមាំ ហើយក៏មិនដែលរំលឹកដល់វាទាល់តែសោះ, ប៉ុន្តែអាចថានេះមកពីខ្ញុំពូកែសំដែងក៏ថាបាន។ ដំបៅមួយនេះពិតជាមិនងាយជា រឺក៏មិនអាចជាៗរៀងរហូតក៏មិនដឹង។ ដោយសារតែដំបៅមួយនេះហើយ ទើបខ្ញុំសម្រេចចិត្តរស់នៅម្នាក់ឯងដូចសព្វថ្ងៃនេះ, បើទោះបីជាមានមនុស្សល្អៗជាច្រើន ចង់ដាក់ពាក្យសុំចូលមករស់នៅក្នុងជីវិតរបស់ខ្ញុំក៏ដោយ ប៉ុន្តែខ្ញុំក៏នៅតែប្រកែក ព្រោះថាគ្មាននៅសេសសល់ចិត្តស្នេហ៍ទៀតឡើយ។ ក៏ល្អម្យ៉ាង ដែលរស់នៅម្នាក់ឯង ក្នុងពិភពខ្លួនឯងបែបនេះ។

សម្រាប់ខ្ញុំៗស្អប់ភាពឯកាខ្លាំងណាស់ ដូច្នេះខ្ញុំតែងតែរកមិត្តភក្តិកំដរ ប៉ុន្តែអ្នកណាទៅដឹងថាយូរៗទៅមានតែភាពឯកានេះទេ ដែលជាមិត្តល្អបំផុតរបស់ខ្ញុំ ព្រោះវាមិនដែលដើរចោលខ្ញុំឡើយ។ ខ្ញុំក៏រស់នៅក្នុងភាពឯកានេះឡើងសុំាទៅហើយៗវា ក៏ក្លាយទៅជាទម្លាប់របស់ខ្ញុំដែរ។ ច្រើនឆ្នាំកន្លងមកនេះ, ខ្ញុំមិនដែលបំភ្លេចមនុស្សម្នាក់នោះទេ។ គេជាមនុស្សទី ១ ដែលខ្ញុំស្រលាញ់ខ្លាំង ហើយក៏ជាមនុស្សដែលធ្វើអោយខ្ញុំចងចាំគ្រប់រឿងល្អ និងរឿងអាក្រក់។ គេក៏ជាមនុស្សតែម្នាក់គត់ ដែលបន្សល់ស្នាមមួយ ដែលមនុស្សគ្រប់គ្នាមើលមិនឃើញ ហើយក៏គ្មាននរណាម្នាក់អាចលុបវាបានដែរ។ មនុស្សជាច្រើនគិតថាខ្ញុំបំភ្លេចរូបគេទាំងស្រុងរួចទៅហើយៗ ក៏មានអ្នកសួរខ្ញុំថាតើខ្ញុំភ្លេចគេហើយរឺនៅ? វាជាសំនួរដែលពិបាកនឹងឆ្លើយ ហើយខ្ញុំក៏មិនចង់ឆ្លើយដែរ និយាយអោយចំគ្មានអ្វីដែលត្រូវឆ្លើយដែរ មានតែពីនៅស្ងៀម ហើយសើចធ្វើដូចមិនលឺសំនួរឈឺផ្សារមួយនេះ។ ខ្ញុំរីករាយតែសំបកក្រៅទេ ប៉ុន្តែខាងក្នុងរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ។ បើគិតទៅវាជិតដបឆ្នាំហើយ ដែលពួកយើងបែកគ្នា ប៉ុន្តែអ្វីៗហាក់ដូចជានៅថ្មីៗ ដែលទើបនឹងកើតមានឡើងពីម្សិលមិញអញ្ចឹង។ ខ្ញុំឆ្គួតដែលនៅនឹកឃើញដល់គេ ប៉ុន្តែគេប្រហែលជាមិនធ្លាប់សូម្បីតែនឹក រឺចងចាំឈ្មោះខ្ញុំ ព្រោះគ្រានោះសម្រាប់រូបគេ វាមិនមែនជាការស្រលាញ់ពិតនោះទេ, វាគ្រាន់តែជាសាកល្បងតែប៉ុណ្ណោះ។ ហើយទីបំផុតគេក៏ដើរចេញទៅ ដោយបន្សល់ស្នាមដំបៅមួយយ៉ាងធំចំកណ្តាលបេះដូងរបស់ខ្ញុំ។ គេទៅដោយមិនបានព្យាបាលវាអោយជាសះស្បើយជាមុនសិននោះទេ។ គេទៅដោយមិនគិតថាមនុស្សម្នាក់នេះឈឺកំរិតណានោះទេ។ សម្រាប់ខ្ញុំគេគឺជាមនុស្សទី ១ ចំណែកគេវិញ ខ្ញុំគ្មានតំណែងអ្វីទាល់តែសោះ។ និយាយរួមខ្ញុំគឺគ្រាន់តែមនុស្សដែលគេយកមកពិសោធន៍។ អរគុណដែលអ្នកធ្វើអោយខ្ញុំរស់នៅជាមួយនឹងពិភពដែលគ្មានពន្លឺ ហើយក៏អរគុណដែលបន្សល់ស្នាម ដែលគ្មាននរណាម្នាក់អាចមើលឃើញមួយនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial