មនុស្ស​ពីរ​នាក់​មិន​ជាប់​សាច់ឈាម​ជា​មួយ​គ្នា​សោះ តែ​ក្លាយ​ទៅ​ជា​គូជីវិត ហើយ​មាន​​ទំនាក់​ទំនង​យ៉ាង​ជិតស្និត​ជាង​សាច់ញាតិ​ទៀត តើ​ជា​និស្ស័យ ឬ​ជាអ្វី​ទៅ?

ភាគ​ច្រើន​នៃ​គូជីវិត ដែល​បាន​ចូល​រោងការ​ជា​មួយ​គ្នា​ស្រប​តាម​ច្បាប់​សង្គម ប្រពៃណី និង​បំពេញ​តាម​លក្ខខណ្ឌ​ធម្មជាតិ ដែល​បាន​តាក់តែង​មក គឺ​ពួកគេ​មិន​មែន​ជា​សាច់ឈាម​នឹង​គ្នា​នោះទេ។

មាន​មនុស្ស​ជា​ច្រើន ដែល​នៅ​សែន​ឆ្ងាយ​ពី​គ្នា មិន​ដែល​បាន​ឃើញ​មុខ​គ្នា មិន​បាន​ឮ​សម្តី ​សូម្បី​ឈ្មោះ​ក៏​ពុំស្គាល់​ផង ប៉ុន្តែ​ថ្ងៃមួយ​ពួក​គេ​បាន​ជួប​គ្នា ហើយ​ហាក់​ដូចជា មាន​ចំណង់​ចំណូល​ចិត្ត អារម្មណ៍​ដូច​គ្នា​ស្រាប់តែ​ពួក​គេ​ក៏​ចាប់ផ្តើម​ញញឹម​ដាក់​គ្នា សួរ​ពី​រឿង​ផ្សេងៗ នៅ​ក្នុង​ជីវិត​រៀងៗ​ខ្លួន​ទៅ​វិញ​ទៅ​មក។

គេ​ទាំង​ពីរ​នៅ​ក្បែរ​គ្នា​កាន់​តែ​មាន​អារម្មណ៍​ល្អ តែ​ពេល​បែក​គ្នា ហាក់​ដូច​ជា មិន​សប្បាយ​ចិត្តសោះ នោះ​ក៏​ព្រោះ​ពួក​គេ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ មាន​អនុស្សាវរីយ៍​ល្អៗ​ច្រើន​ជា​មួយ​គ្នា យូរៗ​ទៅ ក៏​បង្កើត​ឱ្យ​មាន​អារម្មណ៍ ស្រឡាញ់ អាណិត​មាន​ចិត្ត​ទៅ​លើ​គ្នា ទៅ​វិញ​ទៅ​មក បារម្មណ៍​គ្នា​ខុស​ពី​ធម្មតាលើស​ពី​មិត្ត ឬ​សាច់ញាតិ។ អារម្មណ៍​បែប​នេះ ក្លាយ​ជា​ក្តីស្រឡាញ់ ចង់​នៅ​ក្បែរ​គ្នា មិនអាច​ខ្វះគ្នា​បាន ត្រូវការ​គ្នា​ក្នុង​ភាព​ជា​គូ​ជីវិត។

ម្នាក់ៗ​ក៏​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា ចូល​រោង​ការ​ក្លាយ​ជា​ប្តី​ប្រពន្ធ​ស្រប​ច្បាប់។ ជាប្តី ឬ​ជា​ប្រពន្ធ គឺ​ជា​អ្នក​ដទៃ​មិន​ជាប់​សាច់​ឈាម​គ្នា តែ​បារម្មណ៍​ពី​គ្នា រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​សហការ​គ្នា កសាង​គ្រួសារ​មួយ​ឡើង តើ​នេះ​ជា​និស្ស័យ ឬ​ជា​អ្វី??? មិន​ធ្លាប់​ស្គាល់​គ្នា​សោះ តែ​បែរ​ជា​ស្គាល់​គ្នា​ជាង​អ្នកណាៗ​ទាំង​អស់ មិន​ធ្លាប់​ដឹង​ចិត្ត​ថ្លើម​សោះ តែបែរ​ជា​ដឹង​ជាង​នរណាៗ​ទាំង​អស់ វា​ប្រហែល​ជា​និស្ស័យ​ហើយ ទើប​យើង​បាន​ជួបគ្នា​រួម​រស់​ជា​មួយគ្នា ទាំង​ដែល​ការ​ពិត មិន​ជាប់​សាច់​ឈាម​សូម្បីតែ​បន្តិច។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial