គតិ​មនុស្សស្រី៖ “មនុស្សម្នាក់​ដែល​ស្រឡាញ់​យើង​ពិត គេ​នឹង​មើល​ដល់​សម្រស់​ខាង​ក្នុង​របស់​យើង”

រូប​កាយ សាច់​ឈាម មុខមាត់​ល្អ​ប្រសើរ គឺ​ជា​កត្តា​សំខាន់​ជា​ចំបង​សម្រាប់​វាយ​តម្លៃ​ទៅលើ​មនុស្ស​ម្នាក់។ សម្រាប់​មនុស្សស្រី រូប​សម្បត្តិ ភាព​ស្អាតស្អំ​ខាង​ក្រៅ គឺ​ជា​លក្ខណៈ​ពិសេស​មួយ ដែល​នារី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់​បាន ប៉ុន្តែ​មិនមែន​គ្រប់​មនុស្ស​ស្រី​ទាំងអស់​សុទ្ធតែ​ទទួល​បាន​វា​គ្រប់ៗ​គ្នា​នោះ​ទេ។

នារី​ដែល​ស្អាត​ប្រាកដ​ណាស់ ថា​នាង​ពិត​ជា​មាន​មន្តស្នេហ៍ មាន​គេ​ស្រឡាញ់​ចូល​ចិត្ត​ចោមរោម​ជាង​នារី​ដែល​មាន​រូបសម្បត្តិ​ពុំ​សូវ​ស្រស់ស្អាត ជា​ពិសេស​ពី​សំណាក់​បុរស​តែ​ម្តង។

បុរស​ដែល​ស្រឡាញ់​នារី​មាន​សម្រស់​ស្អាត ប្រាកដ​ណាស់​ថា ពិត​ជា​មាន​ច្រើន​មែន ព្រោះ​ថា​​ធម្មជាតិ​នៃ​មនុស្ស​ប្រុស គឺ​ពិតជា​ស្រឡាញ់​ស្រី​ស្អាត។ ប៉ុន្តែ​ក៏​មិនមែន​គ្រប់​បុរស​ស្រឡាញ់​តែ​ស្រីស្អាត​នោះ​ដែរ។ គេ​តែងតែ​និយាយ​ថា ស្រីស្អាត​បាន​ត្រឹម​ជា​សង្សារ រីឯ​ស្រី​ដែល​ស្អាត​ចរិយា គេ​យក​ជា​ភរិយា។

ពិតមែន​ហើយ ប្រសិន​បើ​បុរស​ម្នាក់​គេ​ប្រាថ្នា​ចង់​បាន​យើង​ជា​គូជីវិត​គេ​នឹង​មិន​មែន​មើល​ឃើញ​តែ​សម្រស់​ខាងក្រៅ​របស់​យើង​នោះ​ទេ តែ​គេ​នឹង​សំឡឹង​មើល​ពី​សម្រស់​ខាង​ក្នុង​របស់​យើង ដែល​ជា​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍ ព្រោះ​សម្រស់​ខាង​ក្នុង​នេះ គេ​ត្រូវ​រស់នៅ​ជាមួយ​ពេញ​មួយ​ជីវិត​ហើយ​វា​ជា​អាហារ​នៃ​អារម្មណ៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ក្តី​ស្រឡាញ់​របស់​គេ។ បុរស​ដែល​គេ​ស្រឡាញ់​នារី​ម្នាក់​ពិត គេ​មិន​មើល​ឃើញ​តែ​សម្រស់​ខាង​ក្រៅ​នោះ​ទេ គេ​នឹង​មើល​ដល់​ភាពស្អាត​នៅ​ខាង​ក្នុង​ខ្លួន​របស់​មនុស្សស្រី ដែល​ភាព​ជា​ស្រី្ត​ពិត​ប្រាកដ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial