ក្មេងប្រុសអាយុ ៩ ឆ្នាំមានគ្រួសនៅក្នុងតម្រងនោម ៩ គ្រាប់- គ្រូពេទ្យសង្ស័យថាបណ្តាលមកពីម្សៅទឹកដោះគោ

យោងតាមសំដីរបស់ឪពុក្មេងប្រុសបាននិយាយថា Xiao Fang បានរអ៊ូពីរឿងឈឺចាប់រយៈពេល ៣ ខែមកហើយ ប៉ុន្តែឪពុករបស់គេមិនចាប់អារម្មណ៍។ គាត់គិតថាប្រហែលមកពីកូនរបស់គាត់បញ្ចេញសកម្មភាពខ្លាំងពេក។ ឪពុករបស់ Xiao Fang ក៏បានចាប់អារម្មណ៍ចំពោះរោគសញ្ញារបស់កូន​ នៅពេលដែលវាមិនបាត់ឈឺ ហើយសុខភាពកូនប្រុសរបស់គាត់កាន់តែធ្លាក់ចុះយ៉ាងរហ័ស ដោយគេកាន់តែស្គមទៅៗ។ គាត់ក៏ប្រញាប់យកកូនប្រុសទៅមន្ទីរពេទ្យនៅក្នុងស្រុក ហើយបន្ទាប់ពីធ្វើការឆ្លុះអេកូរួចហើយ, គ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញតម្រងនោមទាំងសងខាងរបស់ក្មេងប្រុសមានផ្ទុកទៅដោយគ្រួស ហើយមានទំហំខុសគ្នាទៀតផង។

គ្រូពេទ្យបាននិយាយថាស្ថានភាពនេះពិតជាអាក្រក់ខ្លាំងណាស់ ហើយគ្រូពេទ្យបាននិយាយថាប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលាទេនោះ, តម្រងនោមរបស់គេនឹងត្រូវខូចខាតទាំងស្រុងតែម្តង។ ដែលមានន័យថាក្មេងប្រុសនឹងត្រូវធ្វើការលាងឈាមអស់ពេញមួយជីវិតតែម្តង។ គ្រូពេទ្យត្រូវធ្វើការវះកាត់ពីរដងនៅលើក្មេងប្រុស ដោយសារតែរូបគេនៅក្មេងពេក ហើយទីបំផុតពួកគេក៏ទទួលជោគជ័យលើការវះកាត់ ដោយយកគ្រួសចេញពីតម្រងនោមបានចំនួន ៩ គ្រាប់។

តម្រងនោមខាងឆ្វេងមានគ្រួសចំនួន ៨ គ្រាប់ ដែលមានទំហំចន្លោះពី ០.៦ ទៅ ២ សង់ទីម៉ែត្រ ហើយចំណែកឯតម្រងនោមខាងស្តាំវិញមានគ្រួសមួយយ៉ាងធំ ដែលមានទំហំ ៤ សង់ទីម៉ែត្រ។ វាពិតជាធំមែនទែន។ ជាក់ស្តែងគ្រួសតម្រងនោមធ្វើអោយតម្រងនោមហើម ដោយសារតែទឹកនោមច្រើនត្រូវបានរាំងស្ទះ។ ឪពុករបស់ក្មេងប្រុសក៏មានការភ្ញាក់ផ្អើល ចំពោះការរកឃើញគ្រួសនៅក្នុងតម្រងនោមនេះ ហើយក៏មិនយល់ថាមកពីមូលហេតុអ្វី ដែលបណ្តាលអោយកូនប្រុសរបស់គាត់ជួបជំងឺបែបនេះទេ។

គ្រូពេទ្យសង្ស័យថាបណ្តាលមកពីម្សៅទឹកដោះដែល Xaio Fang ផឹក ប៉ុន្តែពួកគេក៏និយាយថាអាចមានកត្តាផ្សេងទៀតចូលរួមផងដែរ។ គ្រូពេទ្យបានដាស់តឿនដល់ឪពុកម្តាយ អោយមានការប្រុងប្រយ័ត្ន និងធានាអោយបានខ្ពស់ថាកូនៗរបស់ពួកគេញុំាអាហារដែលត្រឹមត្រូវល្អ អាចផ្តល់នូវសុខភាពល្អ និងមានតុល្យភាព។ គ្រូពេទ្យថែមទាំងនិយាយបន្ថែមទៀតថា, ក្មេងៗដែលចូលចិត្តញុំាសាច់, របស់ផ្អែម និងចំណីដែលសំបូរទៅដោយកាឡូរីខ្ពស់ នឹងជួបប្រទះនឹងហានិភ័យខ្ពស់. ជាពិសេសប្រសិនបើពួកគេផឹកទឹកមិនបានគ្រប់គ្រាន់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial