សម្រង់​សម្តី​ពិភព​លោក “កុំ​ស្រឡាញ់​នរណា​ម្នាក់​អស់​ពី​បេះដូង រហូត​មិន​មាន​សល់​កន្លែង​ណាក្នុង​បេះដូង​ទុក​សម្រាប់​ស្រឡាញ់​ខ្លួន​ឯង”

ការ​ស្រឡាញ់​នរណា​ម្នាក់​អស់​ពី​ចិត្ត អស់​ពី​បេះដូង​បញ្ជាក់​ថា យើង​ជា​មនុស្ស​ដែល​មាន​សេចក្តី​ស្មោះត្រង់​ចំពោះ​ស្នេហា ទោះបី​ជា​នរណា​ក៏​ប្រាថ្នា​ចង់​បាន ប្រាថ្នា​ចង់​នៅ​ក្បែរ​ដែរ មនុស្ស​ប្រភេទ​នេះ។

ប៉ុន្តែ​ជួន​កាល​ការ​ប្រគល់​ក្តី​ស្រឡាញ់​ឱ្យ​ទៅ​មនុស្ស​ដែល​យើង​ស្រឡាញ់​អស់​ពី​ចិត្ត​ពេក ដោយ​ទុក​ចិត្ត​គេ ហើយ​រំពឹង​ទទួល​បាន​ការ​តប​ក្តី​ស្រឡាញ់​ពី​គេ​វិញ ប្រៀប​ដូច​ជា រំពឹង​ចាំ​ព្រះចន្ទ​ធ្លាក់​ពី​លើមេឃ ហើយ​មាន​រសជាតិ​សាប​ដូច​ទឹក​ទន្លេ ព្រោះ​ថា​ការ​រំពឹង​កាន់​តែ​ខ្ពស់ ការ​ឱ្យ​គេ​អស់​មិន​សល់ សូម្បីក្តី​ស្រឡាញ់​ដ៏​តិចតួច​សម្រាប់​ខ្លួន​ឯង វា​ជា​រឿង​មួយ​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ខ្លួន​ឯង។

ហេតុនេះ​សម្តី​ដែល​និយាយ​ថា “កុំ​ស្រឡាញ់​នរណា​ម្នាក់​អស់​ពី​បេះដូង រហូត​មិន​មាន​សល់​កន្លែង​ណា ក្នុង​បេះដូង​ទុក​សម្រាប់​ស្រឡាញ់​ខ្លួន​ឯង” ជា​ការ​ផ្តល់​នូវ​ការ​ទូន្មាន​ដាស់​តឿន​ដែល​ប្រកប​ទៅ​ដោយ​តម្លៃ​បំផុត ក្នុង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​យើង​ចេះ​ផ្តល់​ក្តី​ស្រឡាញ់​ដល់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន។ មិន​តែ​ប៉ុណ្ណោះ កុំ​ងប់ងល់​​ស្រឡាញ់​នរណា​ម្នាក់​រហូត​ហ៊ាន​ធ្វើ​ឱ្យ​ជីវិត​ខ្លួន​ឯង​លំបាក ដោយ​សារ​តែ​មនុស្ស​ម្នាក់ ដែល​គ្មាន​ជាប់​សាច់​ឈាម​សូម្បី​តែ​បន្តិច ព្រោះ​ការ​ផ្តល់ក្តី​ស្រឡាញ់​ឱ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​អស់​ពី​ខ្លួន ​អ្នក​នឹង​ជួប​នូវ​ភាព​ឈឺចាប់​ខ្លាំង​ប្រសិន​បើ​ម្នាក់​នោះ​មិន​បាន​តបក្តី​ស្រឡាញ់​ដូច​ដែល​អ្នក​បាន​ធ្វើ​ទៅ​លើ​គេ ដូច្នេះ​ត្រូវ​ចេះ​ទុក​ចំណែក​ខ្លះ នៃ​បេះដូង​សម្រាប់​ស្រឡាញ់​ខ្លួន​ឯង​នៅ​ខណៈពេល​ណាមួយ​ដែល​គេ​ចាកចេញ​ពី​យើង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial