មនុស្ស​ដែល​ឱប​អ្នក ក្នុង​ថ្ងៃ​ដែល​អ្នក​ដួល មនុស្ស​ម្នាក់​ហ្នឹង​ហើយ​ដែល​ស្រឡាញ់​អ្នក​ពិត!!!

ជា​ទូទៅ ទាំង​មិត្តភាព និង​ស្នេហា​សុទ្ធតែ​ត្រូវការ​ជា​ចាំ​បាច់ នូវ​សេចក្តី​ស្មោះត្រង់ បើ​មិន​ដូច្នោះ​ទេ ចំណង​​នៃ​ទំនាក់​ទំនង​ទាំង​នោះ​នឹង​បែក​បាក់ នៅ​ថ្ងៃ​ណាមួយ​ជា​ពុំ​ខាន។ ការ​ស្វែងរក​មនុស្សម្នាក់​ដែល​ជា​មិត្ត​ពិត​ប្រាកដ ជាក្តី​ស្រឡាញ់​ពិត​ប្រាកដ ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ព្រោះ​ភាព​អាក្រក់ វា​ងាយ​កើត​ឡើង​ជាង​ភាព​ល្អ នៅ​ខណៈ​ពេល​ដែល​ភាគី​ទាំង​សង​ខាង​មាន​ស្រទាប់​វណ្ណៈ​ខុសគ្នា​វា​នឹង​បង្កើត​ឱ្យ​មាន ការ​ច្រណែន សេចក្តី​ស្អប់​ជម្លោះ​នៃ​ផល​ចំណេញ​ផ្សេងៗ ព្រោះ​មនុស្ស​ចូល​ចិត្ត​រស់នៅ​ដោយ​ការ​ប្រកួត​ប្រជែង។

ស្រប​ជាមួយ​ស្ថានភាព​បែប​នេះ​ដែរ យើង​នឹង​អាច​រក​ឃើញ​មនុស្ស​ដែល​ស្រឡាញ់ យើង​ពិត​ប្រាកដ ខណៈ​ពេល​ដែល​យើង​ក្រ ធ្លាក់​ខ្លួន​គា្មន​ទ្រព្យ ឬ​ជួប​ការ​លំបាក​ផ្សេងៗ​ជា​ដើម ព្រោះ​មិន​មាន​ច្រើន​ទេ នូវ​ប្រភេទ​មនុស្ស​ដែល​ព្រម​រួម​ក្តី​លំបាក​ជាមួយ​យើង តែ​បើ​មាន​មនុស្ស​ម្នាក់ ដែល​ព្រម​កាន់​ដៃ​យើង​ក្នុង​ថ្ងៃដែល​យើង​លំបាក​តោក​យ៉ាក​ហើយ​នោះ​ប្រាកដ​ណាស់​ថា គេ​គឺ​ជា​មនុស្ស​ដែល​ស្រឡាញ់​យើង​ពិត ព្រោះ​គេ​មិន​គិត​យក​រួច​ខ្លួន​ចង់​បាន​តែ​ប្រយោជន៍​ពី​យើង​នោះ​ទេ។

ស្នេហា​ក៏​ដូច​គ្នា បើ​មនុស្ស​ម្នាក់​ស្ម័គ្រ​ចិត្ត​លួងលោម​យើង ជូត​ទឹក​ភ្នែក​ឱ្យ​យើង​នៅ​ថ្ងៃ​ដែល​មនុស្ស​ម្នាក់​ទៀត​បោះបង់​យើង​ចោល​ប្រាកដ​ណាស់​ថា ម្នាក់​នោះ​គេ​ពិត​ជា​ស្រឡាញ់ អាណិត​យើង​ខ្លាំង​ហើយ គេ​សុខចិត្ត​ព្រម​មុខ​ក្រាស់ នៅ​ក្បែរ​យើង​ទោះ​បី​ត្រូវ​យើង​ស្តី​ឱ្យ​ក៏ដោយ​ក៏​គេ​នៅតែ​មិន​ទៅ​ចោល​យើង​ឡើង ហើយ​គេ​រឹតតែ​មាន​ក្តី​ស្រឡាញ់​អាណិត​លើ​យើង​ថែម។ មនុស្ស​បែប​នេះ យក​គេ​ទៅ​មិន​ខុស​ទេ!!!

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial