Conte ៖ «ខ្ញុំ​មិន​ដែល​​​បារម្ភ​ខ្លាច​​គេ​បណ្ដេញ​ចេញ​ទេ​»

លោក​ Antonio Conte អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​តោ​ខៀវ​ Chelsea បាន​និយាយ​ថា​ក្រុម​របស់​លោក​បាន​បង្ហាញ​ថា​ពួក​គេ​មាន​ «អាកប្បកិរិយា​ក្នុង​ការ​ប្រយុទ្ធ​» ខណៈ​ដែល​ពួក​គេ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​តាម​ពី​ក្រោយ​ និង​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ Watford នៅ​ឯ​កីឡដ្ឋាន​ Stamford Bridge ដោយ​លទ្ធផល​​ ៤-២ ក្នុង​ជំនួប​ពាន​រង្វាន់​​លីក​​កំពូល​អង់គ្លេស​។

បួន​គ្រាប់​​របស់​ Chelsea ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ Pedro មួយ​គ្រាប់​, Batshuayi ពីរ​គ្រាប់​ និង​ដោយ​កីឡាករ​ Cesar Azpilicueta មួយ​គ្រាប់​ ដែល​ជ័យជម្នះ​នោះ​ដែរ​បាន​ធ្វើ​ឲ្យ​​ក្រុម​រក្សា​តំណែង​ជើង​ឯក​​ Premier League មួយ​នេះ​ឈរ​​លើ​ចំណាត់​ថ្នាក់​លេខ​ ៤ ក្នុង​តារាង​ ដោយ​​នាំ​មុខ​ទៅ​លើ​ Watford មួយ​ពិន្ទុ​។

ចំណែក​ឯ​លោក​ Conte ដែល​​បាន​ជួយ​​ឲ្យ​ Chelsea លើក​ពាន​ក្នុង​លីក​កាល​ពី​រដូវកាល​មុន​បាន​ថ្លែង​ប្រាប់​នូវ​អារម្មណ៍​របស់​ខ្លួន​ នៅ​ពេល​ Watford នាំ​មុខ​មុន​ ២-១ ថា​គាត់​រង​សម្ពាធ​ជា​ខ្លាំង​ ប៉ុន្តែ​ថា​គាត់​មិន​បាន​បារម្ភ​ចំពោះ​ការ​បណ្ដេញ​ចេញ​ឡើយ​។

“ខ្ញុំ​​មាន​អារម្មណ៍​ថា​រង​សម្ពាធ​ណាស់​។” Conte បាន​ប្រាប់​ បន្ទាប់​ពី​ត្រូវ​បាន​គេ​សួរ​អំពី​អារម្មណ៍​របស់​គាត់​ នៅ​ពេល​ត្រូវ​បាន​ Watford នាំ​មុខ​។ “ប៉ុន្តែ​មិន​មែន​ជា​សម្ពាធ​ខ្លាច​គេ​បណ្ដេញ​ចេញ​ទេ​។”

“ខ្ញុំ​​នឹង​មិន​ព្រួយ​បារម្ភ​ឡើយ​អំពី​ការ​បណ្ដេញ​ចេញ​​។ ខ្ញុំ​មិន​បារម្ភ​ចំពោះ​សម្ពាធ​មួយ​នេះ​ទេ​ ព្រោះ​នេះ​គឺ​ជា​​ការងារ​របស់​អ្នក​ចាត់ការ​។” គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​បន្ថែម​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial