Verratti បង្ហើប​ឲ្យ​ដឹង​នូវ​មូល​ហេតុ​ដែល​គាត់​មិន​ចុះ​ចូល​ Barcelona

កីឡាករ​ Marco Verratti បាន​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​បាន​កាត់​បន្ថយ​ពេល​វេលា​​​វិស្សមកាល​រដូវក្ដៅ​របស់​ខ្លួន​ដើម្បី​​​យក​ពេល​ចរចារ​ជាមួយ​នាយក​ក្លិប​ Paris Saint Germain គឺ​លោក​ Antero Henrique ដែល​ការ​ចរចារ​នោះ​បាន​ធ្វើ​ឲ្យ​គាត់​​សម្រេច​ចិត្ត​មិន​ចាក​ចេញ​ពី​ក្រុម​នៃ​លីក​​កំពូល​របស់​បារាំង​មួយ​នេះ​។

ក្រោយ​ពី​​​ធ្លាក់​ចេញ​ពី​ Champions League និង​បរាជ័យ​ក្នុង​ការ​រក្សា​ដំណែង​ជើង​ឯក​ក្នុង​លីក​របស់​ខ្លួន​(Ligue 1)​កាល​ពី​រដូវកាល​មុន​​ PSG ហាក់​ដូចជា​មាន​ផែនការ​ថ្មី​សម្រាប់​ក្លិប​របស់​ខ្លួន​សម្រាប់​រដូវកាល​នេះ​ ជាក់​ស្ដែង​ពួក​គេ​បាន​ធ្វើ​ការ​ចុះ​ហត្ថលេខា​ទិញ​​បាន​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​​ដូចជា​ ៖ Dani Alves, Kylian Mbappe និង​ Neymar កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​។

អំឡុង​ពេល​ទិញ​បាន​តារា​ឆ្នើមៗ​ប៉ុន្មាន​ដួង​​នោះ​​ដែរ​ PSG ក៏​ប្រឈម​នឹង​ការ​បាត់​បង់​កីឡាករ​ល្អៗ​របស់​ខ្លួន​មួយ​ចំនួន​ផង​ដែរ​ ដែល​កាល​នោះ​មាន​ដំណឹង​មក​ថា​ Verratti ខ្សែ​បម្រើ​ឆ្នើម​សញ្ចាតិ​អ៊ីតាលី​រូប​នេះ​បាន​ពិចារណា​ចង់​ចាក​ចេញ​ ខណៈ​ដែល​​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ត្រៀម​ជា​ស្រេច​ក្នុង​​ការ​ឆក់​យក​គាត់។

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ Verratti ពេល​នេះ​បាន​ប្រកាស​ថា​ខ្លួន​រីករាយ​​ណាស់​ដែល​​បាន​សម្រេច​ចិត្ត​មិន​​ចាក​ចេញ​ពី​ Paris និង​ថា​ការណ៍​ដែល​គាត់​មិន​ចាក​ចេញ​​នេះ​គឺ​មិន​មែន​ដោយ​សារ​តែ​លុយ​នោះ​ទេ​ គឺ​ព្រោះ​ផែន​ការ​របស់​ក្លិប​នៃ​លីក​កំពូល​របស់​បារាំង​មួយ​នេះ​ទៅ​វិញ​ទេ​។

“មនុស្ស​ជា​ច្រើន​គិត​ថា​ខ្ញុំ​បន្ត​លេង​នៅ​ PSG ​ដោយសារ​លុយ​។” Verratti បាន​ប្រាប់​កាសែត​ L’Equipe ។ “ប៉ុន្តែ​​​ចំណូល​​ដែល​ខ្ញុំ​រក​បាន​​នៅ​​ Paris ក៏​ខ្ញុំ​អាច​រក​វា​បាន​នៅ​ក្លិប​ផ្សេង​​ដែរ​។ ហើយ​ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​​ផ្ទេរ​ចេញ​​កាល​ពី​រដូវក្ដៅ​​ គឺ​មាន​ក្លិប​ច្រើន​ណាស់​ត្រៀម​ចំណាយ​ ១០០ លាន​អឺរ៉ូ​ដើម្បី​ចុះ​ហត្ថលេខា​ទិញ​ខ្ញុំ​ ហើយ​​ខ្ញុំ​នឹង​អាច​រក​ចំណូល​បាន​ច្រើន​ជាង​​នៅ​ទីនេះ​។”

កីឡាករ​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​​បន្ថែម​ទៀត​ថា​ ៖​ “Neymar ក៏​អាច​រក​ចំណូល​​បាន​ច្រើន​ជាង​នៅ​ PSG ដែរ​ បើ​គាត់​​ផ្លាស់​ទៅ​ Man City ឬ​ Chelsea ។ មាន​ន័យ​ថា​គាត់​មិន​មែន​​ផ្លាស់​មក​ទីនេះ​ដោយសារ​លុយ​ទេ​ ប៉ុន្តែ​ដោយសារ​ផែនការ​របស់​ក្លិប​។​ ហើយ​គំនិត​របស់​គាត់​ក៏​មិន​ខុស​ពី​ខ្ញុំ​ដែរ​។”

លើស​ពី​នោះ​ Verratti ក៏​បាន​បង្ហើប​បន្ថែម​ទៀត​ថា​គាត់​មិន​មែន​​បន្ត​លេង​នៅ​ PSG ព្រោះ​តែ​​ Neymar និង​ Mbappe មក​ចុះ​ចូល​ទីនេះ​នោះ​ទេ​​។ “ខ្ញុំ​មិន​មែន​ស្នាក់​នៅ​បន្ត​ព្រោះការ​មក​ដល់​របស់​ Neymar និង​ Mbappe នោះ​ទេ​។ ពេល​នោះ​ខ្ញុំ​មិន​ទាំង​បាន​ដឹង​ផង​​ថា​ពួក​គេ​នឹង​ចុះ​ចូល​ជាមួយ​ពួក​យើង​។”

ប្រែសម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial