Wenger ថា Sanchez និង​ Ozil អាច​នឹង​ដឹក​ដៃ​គ្នា​ចេញ​ពី​ Arsenal

លោក​ Arsene Wenger បាន​សារភាព​ជា​លើក​ដំបូង​ថា​កីឡាករ​ Alexis Sanchez និង​ Mesut Ozil អាច​នឹង​ចាក​ចេញ​ពី​ក្រុម​កាំភ្លើង​ធំ​ Arsenal នា​ខែ​មករា​​ខាង​មុខ​។

កុងត្រា​របស់​កីឡាករ​ទាំង​រូប​​នេះ​គឺ​សុទ្ធ​តែ​ត្រៀម​នឹង​ផុត​នា​ចុង​រដូវកាល​នេះ​​ និង​មិន​ទាន់​​បាន​​តកុងត្រា​បន្ថែម​ដូច​គ្នា​ ប៉ុន្តែ​​សម្រាប់​ Ozil វិញ​គឺ​ភ្នាក់ងារ​របស់​គាត់​បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​​​ហើយ​ថា​កិច្ច​ចរចារ​កំពុង​ទទួល​ផល​វិជ្ជមាន​។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​ Wenger គ្រូ​បង្វឹក​​​​របស់​ Arsenal រូប​នេះ​បាន​បញ្ជាក់​ថា​​ពុំ​មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​​ជាក់​ច្បាស់​ទេ​​ជាមួយ​ Ozil ខណៈ​ដែល​​​​​កីឡាករ​ទាំង​ ២ នៅ​តែ​បន្ត​ទាម​ទារ​​ប្រាក់​ ៣០ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​​ស្នាក់​នៅ​កីឡដ្ឋាន​ Emirates បន្ត​ទៀត​។

ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​មួយ​​មិន​ត្រូវ​បាន​កំណត់​ទេ​ ប៉ុន្តែ​​លោក​​ Wenger នៅ​តែ​​សង្ឃឹម​ថា​ Sanchez និង​ Ozil នឹង​​ចង​ភ្ជាប់​អនាគត​របស់​ពួក​គេ​ជាមួយ​​ Arsenal ដោយ​ការ​ចុះ​កុងត្រា​បន្ថែម​។

“ខ្ញុំ​តែង​តែ​បាន​និយាយ​ថា​​ការ​ពិត​ដែល​យើង​​មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​កាល​ពី​ឆ្នាំ​មុន​នោះ​មិន​មែន​​មាន​ន័យ​ថា​កីឡាករ​គឺ​​នឹង​ចាំ​បាច់​ត្រូវ​តែ​ចាក​ចេញ​ទេ​” Wenger បាន​​និយាយ​។ “កីឡាករ​ទាំង​ ២ រូប​នេះ​មើល​ទៅ​​ពួក​គេ​សប្បាយ​រីករាយ​នឹង​នៅ​​ទីនេះ​ ហើយ​ជា​រួម​ខ្ញុំ​សង្ឃឹម​ថា​ស្ថានភាព​​អាច​នឹង​ត្រូវ​បាន​ប្រែ​ប្រួល​។”

“ពេល​នេះ​យើង​​មិន​​មាន​អី​ដែល​ត្រូវ​ប្រកាស​នោះ​ទេ​។” បុរស​វ័យ​ ៦៧ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​។

ប្រែ​​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ ES

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial